ឡាវនឹងនាំចេញអគ្គិសនីបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់វៀតណាមបានរាយការណ៏នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសវៀតណាមគ្រោងនឹងនាំចូលអគ្គិសនីបន្ថែមទៀតពីប្រទេសឡាវ ដើម្បីដោះស្រាយកង្វះថាមពល ដែលកើតមាន ខណៈឡាវក៏គ្រោងនឹងនាំចេញអគ្គិសនីបន្ថែមមកកាន់កម្ពុជាផងដែរ។

អនុរដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែរបស់ឡាវ លោក Daovong Phonekeo បាននិយាយថា ប្រទេសវៀតណាមនឹងទិញអគ្គិសនីពីរោងចក្រថាមពល ដែលសាងសង់ដោយវិនិយោគិនឡាវ និងវៀតណាម។ លោកថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៥ ប្រទេសវៀតណាមនឹងទិញអគ្គិសនី ៣.០០០ មេហ្គាវ៉ាត់ ពីប្រទេសឡាវក្នុងតម្លៃ ៦.៩៥ សេនដុល្លារក្នុងមួយគីឡូវ៉ាត់ ដើម្បីបំពេញតម្រូវការក្នុងស្រុករបស់វៀតណាម។

ឡាវរំពឹងថាបរិមាណអគ្គិសនី ដែលបានលក់ទៅឱ្យប្រទេសវៀតណាមនឹងកើនឡើងដល់ ៥.០០០ មេហ្កាវ៉ាត់ នៅចន្លោះឆ្នាំ២០២៦ និង២០៣០ ជាមួយនឹងតម្លៃដែលត្រូវកំណត់ឡើងវិញផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Daovong បានបន្តថា ប្រទេសឡាវមានសក្តានុពលធំធេងក្នុងការផលិតថាមពលពីរោងចក្រវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងរោងចក្រដើរដោយថាមពលខ្យល់ សម្រាប់លក់ទៅឱ្យប្រទេសវៀតណាម និងប្រទេសកម្ពុជាផងដែរ។

បច្ចុប្បន្នប្រទេសឡាវមានរោងចក្រវារីអគ្គិសនីចំនួន ៧៨កន្លែង ជាមួយកម្លាំងដែលបានដំឡើងរួម ៩.៩៧២ មេហ្កាវ៉ាត់កំពុងដំណើរការ ដែលលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុក។ ប្រទេសនេះក៏មានរោងចក្រថាមពលធ្យូងថ្ម និងរោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៦ ផងដែរ។

អគ្គិសនីគឺជាផ្នែករកប្រាក់ចំណូលដ៏សំខាន់មួយរបស់ប្រទេសឡាវ ជាពិសេសតាមរយៈការលក់ទៅឲ្យប្រទេសថៃវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

តម្រូវការអគ្គិសនីនៅក្នុងប្រទេសឡាវ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៩ ដោយសារការកើនឡើងនៃចំនួនប្រជាជននិងចំនួនរោងចក្រកើនឡើង។ នៅឆ្នាំ ២០១៩ ការប្រើប្រាស់ក្នុងស្រុកមានចំនួន ១.២២២ មេហ្កាវ៉ាត់ ហើយក្រសួងថាមពលនិងរ៉ែ ប្រទេសឡាវ បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១.៨០០ មេហ្គាវ៉ាត់ នៅចន្លោះឆ្នាំ២០២០ និង២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here