កិច្ចសហប្រតិបត្តិរវាងធនាគារកណ្តលកម្ពុជា និងវៀតណាម បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច

ដោយ៖ សាវុធ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យធនាគារ និងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។
ការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទេ្វភាគី ត្រូវបានធ្វើឡើងកាលពីម្សិលម៉ិញ ក្នុងអំឡុងពេលគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដែលដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគាររដ្ឋវៀតណាម ដែលដឹកនាំដោយលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម បានជួបប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញ។
ជារៀងរាល់ឆ្នាំ ជំនួបទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងផ្លែផ្កា ដោយថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចនិងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យធនាគារ និងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។
អង្គប្រជុំបានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងបង្កើនវិសាលភាពលើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យលើធនាគារដែលមានប្រតិបត្តិការឆ្លងដែននៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។
ធនាគាររដ្ឋវៀតណាមបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់និងពង្រឹងស្ថិរភាពប្រព័ន្ធធនាគារយ៉ាងរឹងមាំ ព្រមទាំងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អ។
លោកជា ចាន់តូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានបន្តផ្តល់អាហារូបករណ៍តាមរយៈធនាគាររដ្ឋវៀតណាមដល់មន្ត្រីធនាគារជាតិនៃកម្ពុជាសម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅប្រទេសវៀតណាមថែមទៀតផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here