ការសិក្សាៈប៉េកាំងក្លាយជាក្រុងដែលមានការប្រកួតប្រជែងបំផុតក្នុងពិភពលោក ក្នុងសម័យកូវីដ-១៩

ដោយៈសុខុម

ប្រទេសចិនៈ វាជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលក្រុងប៉េកាំងបានក្លាយជាក្រុងដែលមានការប្រកួតប្រជែងបំផុត ក្នុងពិភពលោកក្នុងសម័យកាលកូវីដ-១៩ ដោយសារតែរដ្ឋធានីរបស់ចិន មួយនេះអាចទប់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានដោយជោគជ័យ។

 

ភាពជោគជ័យរបស់ក្រុងប៉េកាំងកើតមាន ខណៈមានការឆ្លងរាតត្បាតពាសពេញពិភពលោកដែលឈានទៅដល់ការបិទប្រទេស និងផ្អាកសកម្មភាពសេដ្ឋកិច្ចនានា។  នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃទី៩ ខែធ្នូនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម “របាយការណ៍ស្ដីពីការប្រកួតប្រជែង រវាងក្រុងក្នុងពិភពលោកសម្រាប់ឆ្នាំ២០២០-២០២១” (2020-2021 Global Urban Competitiveness Report) ដែលជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរួមគ្នាដោយ “រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន” (Chinese Academy of Social Sciences (CASS)) និងកម្មវិធីលំនៅដ្ឋានរបស់អង្គការសហប្រជាជាតិបង្ហាញថា ក្រុងប៉េកាំង បានជាប់ចំណាត់ថ្នាក់កំពូល ខណៈក្រុងប៉ារីស (បារាំង) ជាប់ចំណាត់ថ្នាក់លេខ២។

ក្រុងឡុងដ៍ (អង់គ្លេស) ជាប់ចំណាត់ថ្នាក់លេខ៣ ក្រុងសៀងហៃ (ចិន) ជាប់ចំណាត់ថ្នាក់លេខ៤ ក្រុងញូវយ៉ក (អាមេរិក) ជាប់ចំណាត់ថ្នាក់លេខ៥ ក្រុងប៊ូស្តុន (អាមេរិក) ជាប់ចំណាត់ថ្នាក់លេខ៦ ក្រុងសៅ ប៉ូឡូ (ប្រេស៊ីល) ជាប់ចំណាត់ថ្នាក់លេខ៧ ក្រុងម៉ាឌ្រីត (អេស្ប៉ាញ) ជាប់ចំណាត់ថ្នាក់លេខ៨ ក្រុងមីឡាន (អ៊ីតាលី) ជាប់ចំណាត់ថ្នាក់លេខ៩ និងក្រុងតូរ៉ុនតូ (កាណាដា) ជាប់ចំណាត់ថ្នាក់លេខ១០។

ការសិក្សាដែលឈានចូលដល់ឆ្នាំទី៦នេះ បានស្ទង់មតិលើក្រុងធំៗបំផុតចំនួន ១.០០៦ក្នុងពិភពលោក ដែលក្រុងនីមួយៗត្រូវមានប្រជាជនរស់នៅយ៉ាងតិច ៥០ម៉ឺននាក់ ដើម្បីឆ្លុះបញ្ចាំងពីមូលដ្ឋានឧស្សាហកម្ម និងការផ្សារភ្ជាប់របស់ក្រុងទាំងនោះទៅនឹងបណ្ដាញកម្លាំងពលកម្មពិភពលោក។ ប្រសិនបើក្រុងមួយផ្សារភ្ជាប់ ទៅនឹងបណ្ដាញពលកម្មពិភពលោកកាន់តែខ្លាំង គឺទទួលបានពិន្ទុកាន់តែខ្ពស់។

សាស្រ្តាចារ្យNi Pengfei នៅរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ដែលជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវខាងលើលើកឡើងថា ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលបា​នឆ្លងទៅមនុស្ស រហូតដល់ទៅ៦៧លាននាក់ទូទាំងសកលលោក និងបានឆក់យកអាយុជីវិតមនុស្សអស់ជិត១,៥លាននាក់ យោងតាមតួលេខចុងក្រោយ បានធ្វើឱ្យគាំងសកម្មភា​ពសេដ្ឋកិច្ច ការចល័តរបស់មនុស្ស និងការផ្សារភ្ជាប់ទៅនឹងពិភពលោក។

យោងតាមការស្ទាបស្ទង់របស់ធនាគារពិភពលោក World Bank និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បង្ហាញថា ប្រទេសចិន ដែលមានករណីឆ្លងកូវីដ-១៩ ចំនួន៨៦.៦៤៦ ករណី និងស្លាប់៤.៦៣៤ករណី បានជាប់ចំណាត់ថ្នាក់លេខ៧៨ ក្នុងពិភពលោកគិតតាមចំនួនករណីឆ្លង ហើយគឺជាមហាអំណាចសេដ្ឋកិច្ចតែមួយគត់ ដែលទទួលបានកំណើននៅឆ្នាំនេះ ហើយភាគរយខ្ពស់អាចបន្តទទួលបានកំណើនក្នុងឆ្នាំ២០២១ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here