ដោយ៖ សាវុធ
អន្តរជាតិ៖ សេចក្តីសង្ឃឹមចំពោះកិច្ចព្រមព្រៀងចុងក្រោយ Brexit នៅតែបន្តមិនមានភាពមិនច្បាស់លាស់ ព្រោះការចរចា ដែលបានធ្វើឡើងកាលពីថ្ងៃពុធ បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងនោះទេ។ កញ្ចប់សង្គ្រោះសេដ្ឋកិច្ចរបស់អាមេរិកក៏នៅតែស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ ដោយសារសមាជិកសភាបានតវ៉ាអំពីចំនួនទឹកប្រាក់នៃការចំណាយនេះ។
ផ្សារហ៊ុននៅអាស៊ី-ប៉ាស៊ីហ្វិក មានភាពអវិជ្ជមាន ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្ម Brexit មិនមានការរីកចម្រើន ហើយកញ្ចប់សង្គ្រោះសេដ្ឋកិច្ចអាមេរិកលើកទី២ មិនមានភាពច្បាស់លាស់។ នេះបើយោងតាមសារព័ត៌មាន CNBC នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
សន្ទស្សន៍ Nikkei 225 របស់ជប៉ុនបានធ្លាក់ចុះ ០,៣៩% និង Topix ធ្លាក់ចុះ ០,១៧% បន្ទាប់ពីផ្សារបានបើកដំណើរការជួញដូរ។ សន្ទស្សន៍ Kospi របស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ១,១១ ភាគរយ។ សន្ទស្សន៍ក្រុមហ៊ុនអូស្រ្តាលី ASX 200 បានធ្លាក់ចុះ ០,៥៦% ។
ទន្ទឹមនឹងនេះដែរ នៅ Wall Street ភាគហ៊ុនបានបិទការជួញដូរដោយបង្ហាញពីសញ្ញាអវិជ្ជមាននៅល្ងាចថ្ងៃពុធខណៈបច្ចេកវិទ្យា Nasdaq ធ្លាក់ចុះជិត ២ ភាគរយ។ សន្ទស្សន៍ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន Dow Jones ណៅ Wall Street បានធ្លាក់ចុះ ០,៤ ភាគរយ ឬទទួលបានពិន្ទុត្រឹម ៣០.០៦៩ បន្ទាប់ពីការកើនឡើងខ្ពស់បំផុតដល់ ៣០.៣២០។ ក្រុមហ៊ុន S&P 500 នៅផ្សារហ៊ុនញូវយ៉កបានធ្លាក់ចុះ ០,៨ ភាគរយដោយបញ្ចប់ត្រឹម ៣.៦៧៣ ពិន្ទុ បន្ទាប់ពីពិន្ទុបានកើនឡើងដល់ ៣.៧១២។
កាលពីថ្ងៃពុធ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានធ្វើកិច្ចចរចាបន្ថែមទៀតជាមួយប្រធានគណៈកម្មាធិការអឺរ៉ុបលោក Ursula von der Leyen នៅទីក្រុងព្រុចសែល ខណៈពួកគេទាំងពីរបានឯកភាពគ្នាថា ការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់គួរតែធ្វើឡើងនៅថ្ងៃអាទិត្យ អំពីអនាគតនៃកិច្ចពិភាក្សានេះ។ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ត្រូវបានរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលរយៈពេលអន្តរកាល Brexit ត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខណៈលោក Boris Johnson បានបដិសេធមិនពន្យារពេលវាកាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរ គណបក្សសាធារណរដ្ឋ និងអ្នកប្រជាធិបតេយ្យរបស់អាមេរិកនៅតែជាប់គាំងនៅលើការជជែកគ្នាអំពីបទប្បញ្ញត្តិសំខាន់ៗនៃច្បាប់ផ្តល់ជំនួយសង្គ្រោះសេដ្ឋកិច្ច ដែលមានទឹកប្រាក់ ៩០៨ ពាន់លានដុល្លារ។ កញ្ចប់ថវិកានេះ ត្រូវតែអនុម័តនៅថ្ងៃទី១១ ខែធ្នូ ប៉ុន្តែសភាបានស្នើសុំរយៈពេលមួយសប្តាហ៍ទៀត ដើម្បីចរចាលើច្បាប់នេះ ដោយមានកាលកំណត់ថ្មីនៅថ្ងៃទី១៨ ខែធ្នូនេះ៕