ទីផ្សារហិរញ្ញវត្ថុរំពឹងមានសុខភាពកាន់តែល្អប្រសើរឡើង

ដោយៈ ម៉ាណា

    ភ្នំពេញៈ ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជាត្រូវបាន​រំពឹង​ថា ​នឹង​​ឆ្ពោះ​ទៅមុខ​កាន់​តែ​លឿន​បន្ថែម​ទៀត​ បន្ទាប់​ពី​និយ័តករមូលបត្រកម្ពុជា(SERC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះ​កិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នា​។

ការចុះកិច្ចព្រមព្រៀងនេះ ដើម្បីរួមចំណែកកសាងនូវប្រព័ន្ធអេកូឡូស៊ី ទីផ្សារឱ្យកាន់​តែ​រឹង​មាំ និង​ធានាបាននូវកំណើនប្រកបដោយចីរភាព។ នេះ​បើ​តាម​ លោក ស៊ូ សុជាតិ អគ្គនាយក SERC។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិធីចុះហត្ថុលេខាត្រូវធ្វើឡើងក្នុង​ថ្ងៃ​ទី​២២ ខែ​មករា រវាងលោក ស៊ូ សុជាតិ អគ្គនាយក SERC (Sou Socheat, Delegate of the royal Government in Charge as Director General of the Securities and Exchange Regulator of Cambodia)និងលោក Tom Ceusters ប្រធានទទួលបន្ទុកផ្នែកផ្សារមូលបត្រ និងវិនិយោគនៃ IFC។

លោក ស៊ូ សុជាតិ បាន​ថ្លែង​ថា កិច្ចសហការនេះបាន​ធ្វើឡើងក្នុងកាលៈទេសៈដ៏សំខាន់មួយ ដោយសារទីផ្សារឧបករណ៍និស្សន្ទនៅប្រទេសកម្ពុជា មានសក្ដានុពលយ៉ាងធំធេង ក្នុងការរួមចំណែកដល់កំណើនហិរញ្ញវត្ថុរបស់ប្រទេស។

លោកបញ្ជាក់ថា “ការផ្តល់ឧបករណ៍ហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការគ្រប់គ្រងហានិភ័យ និងការធ្វើពិពិធកម្មការវិនិយោគ នឹង​ជួយ​ឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​​កម្ពុជា​កាន់​តែ​មាន​ភាព​រឹងមាំ ហើយ​វា​នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផងដែរ”​​​។

លោកបាន​បន្តថា កិច្ចព្រមព្រៀងរវាង​និយ័តករមូលបត្រកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បង្ហាញពីផែនការដ៏ទូលំទូលាយមួយ ដើម្បីធានាបាននូវកំណើនប្រកបដោយចីរភាព។ គំនិតផ្តួចផ្តើម​នេះស្របតាមគោលដៅរបស់ប្រទេស​កម្ពុជា ក្នុងការក្លាយជាអ្នកចូលរួមប្រកួតប្រជែង និងគួរឱ្យទុកចិត្តនៅក្នុងប្រព័ន្ធអេកូឡូស៊ី ហិរញ្ញវត្ថុសកល។

យោងតាមកិច្ចព្រមព្រៀងIFC នឹងចូលរួមជួយ​ការកសាងសមត្ថភាពជាបន្តបន្ទាប់ដល់បុគ្កលនិយ័តកម្ម និងអ្នកចូលរួមទីផ្សារជាមួយនឹងជំនាញចាំបាច់ នៃទីផ្សារនិស្សន្ទ, ការ​ពង្រឹងក្របខ័ណ្ឌច្បាប់​និងហិរញ្ញវត្ថុរបស់កម្ពុជា ដោយធានាថា អនុលោមតាមស្តង់ដាអន្តរជាតិ ហើយ​កិច្ចព្រមព្រៀងនេះ ក៏កំណត់ដំណាក់កាល សម្រាប់ទីផ្សារនិស្សន្ទដែលរួមចំណែកដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា និងគោលដៅសេដ្ឋកិច្ចទូលំទូលាយនៃការជំរុញការបង្កើតថ្មី តម្លាភាព និងភាពធន់នៅក្នុងទីផ្សារ។

លោក សុជាតិ បានបញ្ជាក់​​​ថា កិច្ចព្រមព្រៀងនេះលើសពីឯកសារមួយ វាតំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏មានន័យ និងយូរអង្វែង។ នៅពេលដែលគម្រោងនេះចាប់ផ្តើមដំណើរការជាផ្លូវការ ការប្តេជ្ញាចិត្តពីទាំង SERC និង IFC មានគោលបំណងផ្តល់នូវអត្ថប្រយោជន៍ សម្រាប់ការអភិវឌ្ឍទីផ្សារនិស្សន្ទ និងសេដ្ឋកិច្ចកម្ពុជា”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here