ធនាគារសាធារណៈម៉ាឡេស៊ី អះអាងថា មិនពាក់ព័ន្ធក្នុងការដាក់ទុនបង្កើតធនាគារពាណិជ្ជថ្មីមួយនៅម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារសាធារណៈ (Public Bank Bhd ឬPB) ដែលមានមូលដ្ឋាននៅម៉ាឡេស៊ី បានបដិសេធមិនមានការពាក់ព័ន្ធនឹងការបណ្តាក់ទុនរួមគ្នា (JV) ជាមួយក្រុមហ៊ុន G Capital Bhd ក្នុងការបង្កើតធនាគារពាណិជ្ជពេញលេញថ្មីមួយនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ធនាគារសាធារណៈខាងលើ បានបំភ្លឺថា ភាគីមួយដែលចូលរួមក្នុងការបណ្តាក់ទុននេះគឺលោក Datuk Phan Ying Tong កំពុងធ្វើការវិនិយោគដោយខ្លួនឯង ខណៈដែលលោកបានលាឈប់ពីមុខតំណែងទាំងអស់នៅក្នុងធនាគាររបស់ខ្លួន។
ក្រុមហ៊ុន G Capital កាលពីម្សិលមិញ បានប្រកាសថាខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយលោក Phan និងក្រុមហ៊ុន E S Packaging Co Ltd ដើម្បីរួមគ្នាបណ្តាក់ទុនក្នុងការបង្កើតធនាគារថ្មីមួយ ដែលមានឈ្មោះថា Oriental Bank Plc។
ធនាគារសាធារណៈរបស់ម៉ាឡេស៊ី បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា “ក្រុមធនាគារសាធារណៈចង់បញ្ជាក់ថា លោក Datuk Phan Ying Tong បានលាលែងពីមុខតំណែងទាំងអស់របស់លោកនៅក្នុងក្រុមធនាគារសាធារណៈ ហើយមិនមែនជាប្រធានប្រតិបត្តិការឥណ្ឌូ-ចិនរបស់ធនាគារទេ”។
ធនាគារនេះ មិនបានប្រាប់ពីពេលដែលលោកលាឈប់ពីតំណែងពិតប្រាកដលោក ដោយបានលើកឡើងបន្តថា “បន្ទាប់ពីការលាលែងរបស់លោក Datuk Phan លោកមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាតំណាងក្រុមធនាគារសាធារណៈនៅក្នុងការងារណាមួយទេ”។
ទន្ទឹមនឹងនេះ លោក Phan ក៏បានចេញបកស្រាយតាមរយៈសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ពីជំហររបស់លោក។
លោកបានមានប្រសាសន៍ថា “ខ្ញុំចង់បញ្ជាក់ថា កិច្ចសហការរបស់ខ្ញុំជាមួយក្រុមហ៊ុន G Capital Bhd និងក្រុមហ៊ុនដទៃទៀតក្នុងការបង្កើតធនាគារពាណិជ្ជកម្មពេញលេញមួយនៅកម្ពុជានឹងត្រូវអនុវត្តក្រោមសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំ”។
លោកបានបន្ថែមថា “កាលពីមុនខ្ញុំធ្លាប់បម្រើការជាប្រធានប្រចាំតំបន់របស់ធនាគារសាធារណៈ Public Bank Bhd សម្រាប់ប្រតិបត្តិការឥណ្ឌូចិន ហើយខ្ញុំបានលែងតំណាងឱ្យធនាគារនៅក្នុងតួនាទីណាមួយ បន្ទាប់ពីការលាលែងរបស់ខ្ញុំ”។
គេហទំព័ររបស់ធនាគារសាធារណៈបានរាយការណ៍ថា លោក Phan បានបម្រើសេវាកម្មរយៈពេល ៣៩ឆ្នាំជាមួយក្រុមធនាគារ ដោយធ្លាប់មានតួនាទីជាប្រធានផ្នែកទូទៅ និងក្រោយមកជាប្រធានធនាគារសាធារណៈនៅកម្ពុជា៕ The Edge Markets

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here