កម្ពុជាបានចំណាយជាង៣ពាន់លានដុល្លារួចហើយក្នុងការអភិវឌ្ឍខេត្តនៅតំបន់ត្រីកោណ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្នុងរយៈជាង៣០ឆ្នាំកន្លងមកនេះ កម្ពុជាបានចំណាយប្រាក់ប្រមាណ៣ពាន់លានដុល្លារហើយសម្រាប់អភិវឌ្ឍន៍ខេត្តចំនួន៤ នៅតំបន់ត្រីកោណ (កម្ពុជា ឡាវ វៀតណាម )រួមមានខេត្តស្ទឹងត្រែង មណ្ឌលគីរី រតនគីរី និងខេត្តក្រចេះ។ នេះបើតាមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលCLV លើកទី១១ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោ បានលើកឡើងថា កម្ពុជាខិតខំជំរុញការអភិវឌ្ឍខេត្តនៅតំបន់ត្រីកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនការងារធ្វើ។ សម្តេចតេជោ មានប្រសាសន៍បន្តថា រយៈពេលជាង៣០ឆ្នាំមកនេះ កម្ពុជាបានចំណាយថវិកាជាង៣ពាន់លានដុល្លាអាមេរិក ដើម្បីធ្វើការអភិវឌ្ឍខេត្តបួននៅតំបន់ត្រីកោណ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ ចំនួន៨៦គម្រោង និងបានផ្តល់ការងារធ្វើជាង១សែននាក់។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ក៏ដូចជាការបោសសំអាតមីន ព្រមទាំងការជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ។

សម្រាប់កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានអនុម័តលើឯកសារសំខាន់ចំនួនបីរួមមាន (១) សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល CLV លើកទី១១ (២) ផែនការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍នៅក្នុង CLV DTA និង (៣) ផែនការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មកៅស៊ូប្រកបដោយចីរភាពក្នុង CLV DTA។

មេដឹកនាំនៃប្រទេស CLV បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLVDTA) ជាមួយនឹងទស្សនៈក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពសង្គម-វប្បធម៌ដោយទាញយកនូវសក្តានុពលកម្លាំង និងធនធានរបស់ប្រទេសសមាជិកនីមួយៗ។

ថ្នាក់ដឹកនាំបានទទួលស្គាល់ថា ជំងឺកូវីដ-១៩បាននាំមកនូវការរំខានយ៉ាងធំធេងដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច-សង្គម ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកទាំងបី គឺមានសារៈសំខាន់ និងចាំបាច់ដោយផ្តោតលើទំនាក់ទំនងប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ អត្ថប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំទាំងអស់បានកត់សម្គាល់ជាវិជ្ជមានលើការងារគណៈកម្មាធិការសម្របសម្រួលចំរុះកម្ពុជា-ឡាវ-វៀតណាម ក្នុងការអនុវត្តផែនការមេដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សម្រាប់ឆ្នាំ២០១០-២០២០។

ថ្នាក់ដឹកនាំបន្តលើកទឹកចិត្តក្នុងការសហការដោយជិតស្និទរវាងប្រទេសសមាជិក CLV ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ សាសនា កសិកម្ម ព័ត៌មានវិទ្យា អប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍជំនាញ ការការពារ ព្រមទាំងទំនាក់ទំនងសហប្រតិបត្តិការ រវាងថ្នាក់នីតិប្បញ្ញត្តិជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here