ដោយៈលក្ខិណា
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េ បានចាប់ផ្ដើមចរចាតាំងពីអំឡុងខែ កក្កដា ឆ្នាំ ២០២០ ហើយគិតមកដល់ពេលនេះ គ្រុមការងារបានបញ្ចប់នូវការចរចាជុំទី៤ហើយ និងកំពុងត្រៀមរៀបចំការចរចាជាបន្តបន្ទាប់ ។
តើការចរចារហូតដល់ជុំទី៤នេះ កម្ពុជាកូរ៉េសម្រេចបានលទ្ធភាពអ្វីខ្លះ និងឯកភាពគ្នាចំនុចណាខ្លះ?។
លោកស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ក្នុងចរចាអស់៤លើកកន្លងមក កម្ពុជា និងកូរ៉េបានឯកភាពគ្នាប្រមាណ៩០ភាគរយហើយ ទៅលើចំនុចសំខាន់ចំនួន៦ ក្នុងនោះ មាន៖
១) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
២) ឧបាស្រ័យពាណិជ្ជកម្ម
៣) បទប្បញ្ញត្តិទូទៅ
៤) ការរៀបចំស្ថាប័ន និងអវសាន្តបញ្ញត្តិ
៥) យន្តការដោះស្រាយវិវាទ
៦) ឧបសម្ព័ន្ធស្តីពីវិធានជាក់លាក់សម្រាប់ផលិតផល ។
លោកសៀង ថៃបានបន្តថា “ផលប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ រួមមាន ការទីផ្សារកាន់តែធំថែមទៀតសម្រាប់ការនាំចេញ ជាពិសេស កសិផល សម្លៀកបំពាក់ ស្បែកជើង។ល។”។លោកបន្ថែមថា “កម្ពុជា និងកូរ៉េមានភាពខ្លាំងរៀងៗខ្លួន ហើយភាពខ្លាំងទាំងនោះ មិនមែនជាការប្រកួតប្រជែងគ្នាទេ តែជាការបំពេញឲ្យគ្នាទៅវិញទៅមក”។
ឧទាហរណ៍់ កម្ពុជានាំចេញកសិផលទៅកូរ៉េ ឯកូរ៉េនាំគ្រឿងចក្រ គ្រឿងម៉ាស៊ីន រថយន្តមកកម្ពុជា ហើយគ្រឿងចក្រ គ្រឿងម៉ាស៊ីនទាំងនោះ នឹងត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យសំណង់ វិស័យកសិកម្ម វិស័យដឹកជញ្ជូន..គឺជួយទ្រទ្រង់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ។
កម្ពុជាទើបតែបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន កាលពីពេលថ្មីៗកន្លងទៅនេះ ហើយរង់ចាំតែការប្រកាសចូលជាធរមានតែប៉ុណ្ណោះ ហើយកម្ពុជារំពឹងថានឹងដើមឆ្នាំក្រោយនេះ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានផងដែរ៕