ដោយ៖ ម៉ាណេត
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា (Camboda COVID-19 Development Response Plan) នឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា។
លោក ផាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងកម្មពិធីការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ថា រដ្ឋាភិបាលអូស្ត្រាលីនឹងវិនិយោគលើចង្កោមសកម្មភាពនៃសសរស្តម្ភទាំង ៣ ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីវិបត្តិជំងឺកូវី-១៩។
ផែនការនេះបានកំណត់អំពីការគាំទ្ររបស់អូស្រ្តាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្តម្ភ ៣ គឺការធានាសន្តិសុខផ្នែកសុខាភិបាល ស្ថិរភាពសង្គមនិងបរិយាប័ន្ន និងការស្តារសេដ្ឋកិច្ច។
លោកបានថ្លែងថា “ចង្កោមសកម្មភាពទាំងនោះរួមមានការធ្វើឱ្យប្រសើរឡើងគុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសុខភាពតាមមន្ទីពេទ្រ ការលើកកម្ពស់យេនឌ័រ និងពិការភាព ការជំរុញផលិតកម្មស្បៀង ការគាំទ្រដល់ការផ្លាស់ប្តូរប្រភពថាមពល និងការចូលរួមរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩”។
ក្នុងស្មារតីភាពជាដៃគូ រដ្ឋាភិបាលអូស្ត្រាលី ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ បានរៀបចំផែនការនេះដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ត្រាលី សម្រាប់ស្ថារសេដ្ឋកិច្ច-សង្គមកម្ពុជា ពីវិបត្តិជំងឺកូវី២១៩ ។
ដើម្បីអនុវត្តផែនការនេះ អូស្ត្រាលីគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥ លានដុល្លារអាមេរិក ដល់កម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត។ ហិរញ្ញប្បទាននេះជាការផ្តល់ បន្ថែមលើហិរញ្ញប្បទានប្រមាណ ១៧០ លានដុល្លារអាមេរិក ដែលលោក Scott Morrison នាយករដ្ឋមន្ត្រី អូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥ លានដុល្លារអាមេរិក ដែលអូស្ត្រាលីបានប្តេជ្ញាផ្តល់សម្រាប់ការ ចែកចាយវ៉ាក់សាំងជំងឺកូវីង-១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
លោកឈៀង យ៉ាណារ៉ារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគោលដៅចម្បងនៃផែនការនេះ ក្នុងការជួយការពារប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងគាំទ្រការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈជាប្រទេសមានចំណូលមធ្យម ប្រកបដោយភាពធន់នឹងវិបត្តិ និងបរិយាប័ន្ន ។
ក្នុងពិធីនេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺភ្វី-១៩ នៅកម្ពុជា។
លោកឈៀង យ៉ាណារ៉ា បានបញ្ជាក់បន្ថែមថា អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍បុរេសកម្មមួយ ដែលបានចាត់វិធានការតាំងពីដើមដំបូង ក្នុងការរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩នេះ។ ផែនការ
នេះបានបញ្ជាក់ពីកិច្ចសហការដ៍សំខាន់ក្នុងភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី។
លោកបានថ្លែងបន្តថា “រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះផែនការនេះ ពិសេសសកម្មភាពអាទិភាព ដែលផ្តោតលើវិស័យសំខាន់ទាំង៣ ដែលមានសង្គតិភាពជាមួយនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩”៕