មេដឹកនាំនៃប្រទេស ACMECS ឯកភាពគ្នាបង្កើតមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌតំបន់

ដោយ៖ លក្ខិណា

ភ្នំពេញ៖ មេថ្នាក់ដឹកនាំកំពូលនៃប្រទេសយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចាវប្រាយ៉ា-មេគង្គ (ACMECS) រួមមានប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា បានឯកភាពគ្នាក្នុងការបង្កើតមូលនិធិអភិវឌ្ឍន៍ក្នុងក្របខណ្ឌអនុតំបន់ ACMECS គោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការតភ្ជាប់ និងសុខភាពសាធារណៈ។

លោកបណ្ឌិតកៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានថ្លែងកិច្ចប្រជុំកំពូល ACMECS លើកទី៩ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០៩ ធ្នូ ២០២០ ថា ប្រមុខថ្នាក់ដឹកនាំនៃប្រទេស ACMECS បានធ្វើការអនុម័តទៅលើសេចក្តីថ្លែងការក្រុងភ្នំពេញ នៃកិច្ចប្រជុំ ACMEC លើកទី៩ អនុម័តបញ្ជីគម្រោងអាទិភាពរបស់ ACMEC ពិសេសអនុម័តទៅលើក្របខណ្ឌ សម្រាប់មូលនិធិអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌរបស់ ACMEC។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា នៅក្នុងក្របខណ្ឌនេះដែរ ព្រះរាជាណាចក្រថៃ បានប្រកាស និងសន្យាផ្ដល់វិភាគទានចំនួន២០០លានដុល្លារអាមេរិកទៅដល់ប្រទេសក្នុងតំបន់នេះផងដែរ ក្នុងនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កម្ពុជានឹងដាក់វិភាគទានចំនួន ៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអាទិភាពនៅក្នុងមូលនិធិនេះដែរ។

លោកគឹមហួនបន្តថា មេដឹកនាំប្រទេស ACMECS បានពិគ្រោះយោបល់ និងពិភាក្សាអំពីបញ្ហាប្រឈម ដោយជំងឺរាតត្បាតកូវីដ-១៩ និងការឆ្លើយតបក្រោយជំងឺកូវីដ១៩ ដោយធ្វើយ៉ាងណាធ្វើឲ្យសេដ្ឋកិច្ចល្អប្រសើរជាងមុន។ មេដឹកនាំនៃប្រទេស ACMECS បន្តការជំរុញការតភ្ជាប់គម្រោងទាំងឡានយទាំងទន់ និងរឹង ពិសេសការជំរុញដល់ទៅលើសេដ្ឋកិច្ចឌីជីថល រួមទាំងវិស័យអប់រំ នៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម 4.0។

ប្រមុខរដ្ឋាភិបាលទាំងអស់ថានឹងបន្តជំរុញការអភិវឌ្ឍផែនការមេរបស់ ACMECS និងការជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរូមមាន ពាណិជ្ជកម្មសេដ្ឋកិច្ច វិនិយោគទេស ចរណ៍ ការតភ្ជាប់ និងសហគ្រាសធុនតូចនិងមធ្យមផងដែរ។ ជាពិសេស គឺការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលសាធារណៈ នៅក្នុងក្របខ័ណ្ឌតំបន់ ព្រោះក្របខណ្ឌតំបន់អាស៊ាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យប្រទេសទាំងអស់ យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំង គ្រាដែលប្រទេសវៀតណាម ប្រទេសឡាវ និងថៃ បានប្រកាសទិញវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ១៩ ដោយសម្ដេចតេជោនាយករដ្ឋ មន្ត្រី ស្នើឲ្យមានការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។

សម្រាប់កម្ពុជា ក៏គ្រោងនឹងទិញវ៉ាក់សាំងចំនួន១លានដូស ហើយកម្ពុជា ក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here