ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ស្របពេលដែលភាពរឹងមាំនៃតម្លៃប្រាក់ដុល្លារ និងផលបត្រលើបណ្ណរតនាគារអាមេរិកបានធ្វើឱ្យការជួញដូរភាគហ៊ុននៅសង្កាត់ Wall Street ធ្លាក់ថ្លៃចុះ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន០,១៨ភាគរយ គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៨១ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៥២ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៤៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,២៦ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,០៨៩ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៦៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៤ភាគរយ៕