ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃច័ន្ទនេះ ក្រោយពីការស្ទង់មតិរបស់ក្រុមប្រឹក្សាមាសពិភពលោក(WGC) បានបង្ហាញថា ចំនួន៨១ភាគរយនៃអ្នកឆ្លើយសំណួររំពឹងថា ធនាគារកណ្តាលនានានឹងបង្កើនទុនបម្រុងមាសរបស់ខ្លួននៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៦ភាគរយដល់២៦២៦,៨២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣ភាគរយដល់២៦៣៩,៧០ដុល្ល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំកំណត់គោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃបន្តិចដល់១០៨,០២ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៧ភាគរយដល់២៩,៩៩ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២២ភាគរយដល់៩៣៧,៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៧ភាគរយដល់៩១៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕