ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលតម្រុយអំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដើម្បីព្យាករណ៍ទិសដៅអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកសម្រាប់ឆ្នាំ២០២៥ និងគោលនយោបាយរបស់រដ្ឋបាលថ្មីរបស់លោកដូណាល់ ត្រាំ។
តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២.៦៣៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៩ភាគរយដល់២៦៥១,៤០ដុល្ល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៩,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៨,១៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,១៣ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៧ភាគរយដល់៣០,៤១ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,០១ភាគរយដល់៩៦៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៥១ភាគរយដល់៩២៧ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕