ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជា វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៃធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ ពិធីនេះមានអញ្ជើញចូលរួមដោយតំណាងមកពីបណ្តាក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ៣០០រូប

នាឱកាសមហោឡារិកនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជម្រាបជូនអំពីប្រវត្តិសង្ខេប និងការវិវត្តនៃមណ្ឌលសិក្សាបច្ចេកទេសធនាគារដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជានៅអំឡុងឆ្នាំ១៩៩៤។ ដំបូងឡើយ មណ្ឌលសិក្សាមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានទទួលនិស្សិតក្រៅប្រព័ន្ធមកបណ្តុះបណ្តាលថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគាររយៈពេល ២ ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សាបច្ចេកទេសធនាគារបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរទៅទីតាំងថ្មីនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងកម្មវិធីនាពេលនេះ។ នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះត្រូវបានអនុញ្ញាតឱ្យប្រែក្លាយទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ តាមរយៈអនុក្រឹត្យលេខ ២២៨ អនក្រ.បក ដោយជោគជ័យ។ ក្រោមក្របខ័ណ្ឌនៃអនុក្រឹត្យនេះ វិទ្យាស្ថានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង លើមុខជំនាញគ្រប់គ្រងធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

ជាមួយគ្នានេះ ដើម្បីសម្រួល និងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជា ក៏បានសាងសង់អគារអន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន។ គិតមកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថានបានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥រូប ក្នុងនោះនិស្សិតស្រីមានចំនួន ១.៩៩៧រូប និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here