CSX ប្រកាសពន្យារការមិនគិតថ្លៃសេវាលើការប្រើប្រាស់ប្រព័ន្ធជួញដូរចល័តរយៈពេល២ឆ្នាំ

ដោយ៖សាវុធ

ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ឬ (CSX) នឹងពន្យារការមិនគិតថ្លៃសេវាលើការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត (Mobile Trading System – MTS) សម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិ រយៈពេល ២ឆ្នាំបន្តទៀត។ នេះបើយោងតាមការសេចក្តីជូនដំណឹងរបស់ ផ.ម.ក. នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្តីជូនដំណឹងខាងលើ បានឱ្យដឹងថា ផ.ម.ក. នឹងពន្យារការមិនគិតថ្លៃសេវាលើការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត (Mobile Trading System – MTS) សម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិរយៈពេល ២ឆ្នាំបន្តទៀត គិតចាប់ពីថ្ងៃផុតកំណត់លើការមិនគិតថ្លៃសេវាប្រើប្រាស់ប្រព័ន្ធជួញដូរចល័តចាស់។ ដូចនេះ ការមិនគិតថ្លៃសេវានេះមានសុពលភាពបន្តរហូតដល់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងក្នុងស្មារតីនៃការជួយគ្នា ដោយសម្រាលបន្ទុកចំណាយរបស់ក្រុមហ៊ុនមូលបត្រ និងវិនិយោគិន ដែលជាអ្នកប្រើប្រាស់ចុងក្រោយក្នុងស្ថានភាព ដែលគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ.ម.ក. សង្ឃឹមថា ការសម្រេចពន្យាការមិនគិតថ្លៃសេវានេះ នឹងបន្តសម្រួលដល់វិនិយោគិន ក៏ដូចជាជំរុញការជួញដូរមូលបត្រកម្មសិទ្ធិ ដែលបានចុះបញ្ជីនៅ ផ.ម.ក.។

ប្រព័ន្ធជួញដូរចល័ត ត្រូវបានដាក់ឱ្យដំណើរការបឋមកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ និងដាក់ឱ្យដំណើរ ការជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។

ប្រព័ន្ធនេះ ត្រូវបានដាក់ឱ្យវិនិយោគិនប្រើប្រាស់ តាមរយៈក្រុមហ៊ុនឈ្មួញជើងសារមូលបត្រជាសមាជិករបស់ ផ.មក. ទាំង១០។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០ ចំនួនគណនី MTS ដែលបានបើក និងប្រើប្រាស់ដោយវិនិយោគិនមានចំនួន ១០.០៣០គណនី ហើយក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះដែរ ចំនួនបញ្ហាទិញលក់មូលបត្រតាម MTS មានចំណែករហូតដល់ ៩៦, ៧៧% ធៀបទៅនឹងការដាក់បញ្ជាតាមរយៈភ្នាក់ងារមូលបត្រ ដែលមានចំនួនតែ ៣, ២៣%ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here