ដោយ៖ សាវុធ
ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈពេលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារក្នុងខេត្តកោះកុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីប្រកាសព័ត៌មានខាងលើ បានឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន BOTUM SAKOR ENERGY COMPANY LIMITED គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុននេះ។
CDC បានឱ្យដឹងថា “គម្រោងសាងសង់អគ្គសិនីដុតធ្យូងថ្មនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង”៕