ជប៉ុន ប្រកាសទម្លាក់កញ្ចប់ថវិកាថ្មី ៧០៨ ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច

ដោយ៖ សុខុម

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បានថ្លែងកាលពីថ្ងៃអង្គារ ទី៨ ខែធ្នូនេះថា ប្រទេសជប៉ុន នឹងប្រមូលកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចថ្មីចំនួន ៧៣,៦ ទ្រីលានយ៉េន (៧០៨ពាន់លានដុល្លារអាមេរិក)។

ការលើកឡើងបែបនេះជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា លោកកំពុងប្រឹងប្រែងស្ដារប្រទេសឱ្យងើបផុតពីសេដ្ឋកិច្ចដាំក្បាលចុះដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃបក្សកាន់អំណាច លោក យូស៊ីហ៊ីដេ ស៊ូហ្គា លើកឡើងថា កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចថ្មីនេះនឹងរួមបញ្ចូលការចំណាយសារពើពន្ធប្រមាណ ៤០ ទ្រីលានយ៉េន (៣៨៤ពាន់លានដុល្លារអាមេរិក)។

រដ្ឋាភិបាល គ្រោងអនុម័តកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះដំណាក់កាលចុងក្រោយនៅថ្ងៃអង្គារ ដដែល។ ការទម្លាក់កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះធ្វើឡើង ក្រោយពីទម្លាក់កញ្ចប់ថវិកា ២លើករួចមកហើយ ដែលប្រមូលបាន ២,២ ទ្រីលានដុល្លារអាមេរិក ដែលបានផ្ដោតលើការដោះស្រាយការលំបាកបន្ទាន់របស់ប្រជាជន និងអាជីវកម្ម។

លោក យូស៊ីហ៊ីដេ ស៊ូហ្គា មានប្រសាសន៍ក្នុងកិច្ចប្រជុំខាងលើថា វិធានការស្ដារសេដ្ឋកិច្ចថ្មីនេះនឹងជួយជំរុញ “កំណើនសេដ្ឋកិច្ចថ្មី”។

កញ្ចប់ថវិកាស្ដារសេដ្ឋកិច្ចនេះទំនងជារាប់បញ្ចូលការឧបត្ថម្ភធន និងគ្រឿងលើកទឹកចិត្តដល់ក្រុមហ៊ុននានាដើម្បីលើកកម្ពស់ការវិយោគបៃតង និងការចំណាយលើការធ្វើឌីជីថលនីយកម្ម ជាវិស័យមួយដែលលោក យូស៊ីហ៊ីដេ ស៊ូហ្គា ធ្លាប់បានបង្ហាញថា ជាអាទិភាពមួយក្នុងគោលនយោបាយអាទិភាពសំខាន់ៗរបស់លោក។

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានរើបឡើងអំឡុងខែកក្កដា ដល់ខែកញ្ញា ពីការធ្លាក់ចុះខ្លាំងបំផុតក្នុងត្រីមាសទី២ ប៉ុន្តែអ្នកវិភាគជាច្រើនរំពឹងថា រលកទី៣ នៃការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចមានឱកាសងើបឡើងតិចបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here