ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យចំនួន៣ នៅកម្ពុជានឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំក្រោយ

ដោយ៖ សាវុធ

ភ្នំពេញ៖ ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ចំនួន៣ នឹងចាប់ផ្តើមបង្កើតថាមពល និងភ្ជាប់បណ្តាញអគ្គិសនីនៅដើមឆ្នាំក្រោយ បច្ចុប្បន្នគម្រោងទាំងបីនេះ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន បានបញ្ចប់ ៩០ភាគរយហើយ។

លោកវិចទ័រ ចូណាអគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ត្រូវបានដកស្រង់ភ្នាក់ងារសារព័ត៌មានរដ្ឋនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដោយលោកបានមានប្រសាសន៍ថា វិនិយោគិនចង់បញ្ចប់ការសាងសង់តាមការគ្រោងទុក ដែលនឹងបង្កើតថាមពលសម្រាប់បណ្តាញអគ្គិសនី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “គម្រោងសាងសង់ស្ថានីយ៍ថាមពលព្រះអាទិត្យ បានបញ្ចប់ជាង ៩០ភាគរយហើយដូចដែលបានគ្រោងទុក គម្រោងទាំងនេះនឹងផលិតថាមពលនៅត្រីមាសទី១ ឆ្នាំ២០២១”។

គម្រោងទាំង៣នេះ រួមមានរោងចក្រថាមពលពន្លឺព្រះអាទិត្យមានកម្លាំង ២០មេហ្គាវ៉ាត់ វិនិយោគដោយក្រុមហ៊ុន Green Sustainable Ventures មានទីតាំងស្ថិតនៅក្រុងបាវិតខេត្តស្វាយរៀង រោងចក្រថាមពលពន្លឺព្រះអាទិត្យ ៣០មេហ្គាវ៉ាត់នៅស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យវិនិយោគដោយក្រុមហ៊ុន Ray Power Supply Co និងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់នៅស្រុកថ្មគោលខេត្តបាត់ដំបង វិនិយោគដោយក្រុមហ៊ុន Risen Energy។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានប្រភពថាមពលកកើតឡើងវិញពីស្ថានីយ៍ថាមពលព្រះអាទិត្យ រួមមានកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ១០មេហ្គាវ៉ាត់នៅក្រុងបាវិត ខេត្តស្វាយរៀង ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ ៨០មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺ ស្ថាននីយ៍ពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង ថាមពលពន្លឺព្រះអាទិត្យ ៥ មេហ្គាវ៉ាត់នៅបាវិត និងស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៣០មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here