តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈសន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន(PCE) ដែលជាសូចនាករអតិផរណាដ៏សំខាន់មួយរបស់ធនាគារកណ្តាលអាមេរិក (Fed) បានបង្ហាញពីការកើនឡើងត្រឹមតែ០,១%ប៉ុណ្ណោះក្នុងខែវិច្ឆិកាបើធៀបនឹងខែតុលា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៩ភាគរយដល់២៦២៣,១៦ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់អាមេរិក U.S. gold futures បានធ្លាក់ចុះ០,២២ភាគរយដល់២៦៣៩,៤០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦២០,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៤៥,១០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៩,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៧,៧៣ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៧,៦២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៩%ដល់៣០,១៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣២%ដល់៩៣៩,៤ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,០៣%ដល់៩១៩,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here