ដោយ៖ ម៉ាណេត
ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (CMA) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) បានអំពាវនាវដល់ប្រជាជនឱ្យធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ ABC, CMA និងCAFT នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។
ដោយពិនិត្យឃើញការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដែលឆ្លងចូលសហគមន៍នាពេលថ្មីៗនេះ និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្ដីអំពីលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ ព្រមទាំងក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលតំណាងដោយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជាសូមលើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ស្ថិតក្នុងស្ថានភាពនេះ សហគមធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងសហការយ៉ាងជិតស្និតជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលឱ្យមានការទូទាត់ជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានកម្រៃសេវាសមរម្យ តាមរយៈការកែសម្រួលនូវលក្ខខណ្ឌផ្សេងៗដែលនឹងត្រូវជូនដំណឹងក្នុង ពេលឆាប់ៗខាងមុខ។
ទន្ទឹមនឹងនេះដែរ វិស័យធនាគារ និងហិរញ្ញវត្ថុ សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យទាញយកកម្មវិធី ទូទាត់និងកម្មវិធីធនាគារឌីជីថលដែលផ្ដល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមកប្រើប្រាស់។ ចាប់ពីថ្ងៃជូនដំណឹង នេះទៅ ព័ត៌មានផ្សេងៗស្តីពីជម្រើសនិងការណែនាំអំពីការប្រើប្រាស់សេវាទូទាត់និងសេវាធនាគារឌីជីថលនឹងត្រូវបាន ផ្តល់ជូនតាមរយៈបណ្តាញសង្គម និងសារព័ត៌មានសំខាន់ៗក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ បានឱ្យដឹងទៀតថា យើងខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិ បាល និងធនាគារជាតិនៃកម្ពុជា ចំពោះរាល់ការគាំទ្រទាំងអស់នៅក្នុងពេលវេលាដ៏លំបាកនេះ ប្រកបដោយការប្តេជ្ញា ចិត្តខ្ពស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា៕