ដោយៈសាវុធ
ភ្នំពេញៈ ការជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ផ្តល់ជូនលោកអ្នកនូវឱកាសនិងផលប្រយោជន៍ផ្សេងៗដូចជា ឱកាសមួយបន្ថែមទៀត ក្នុងការវិនិយោគជាមួយក្រុមហ៊ុន ចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ជាជាងបើកអាជីវកម្មរកស៊ីខ្លួនឯង ឬចូលហ៊ុនរកស៊ីជាមួយបងប្អូនឬមិត្តភ័ក្ត្រ។
ឱកាសនិងផលប្រយោជន៍ផ្សេងៗមានដូចជា៖
– ឱកាសក្លាយជាម្ចាស់ម្នាក់របស់ក្រុមហ៊ុនចុះបញ្ជី ដែលលោកអ្នកពេញចិត្ត បើទោះជាមានប្រាក់បន្តិចបន្តួចក៏ដោយ។
ជាប្រភពចំណូលទីពីរបន្ថែមលើប្រាក់បៀវត្សន៍ ឬក៏ប្រាក់ចំណេញពីអាជីវកម្ម ដែលមានស្រាប់ ក្នុងទម្រង់ជាភាគលាភឬប្រាក់ចំណេញពីការទិញលក់ភាគហ៊ុន។
– ជាជម្រើសមួយបន្ថែមទៀត សម្រាប់ការធ្វើពិពិធកម្ម សំណុំវិនិយោគរបស់លោកអ្នក គឺបន្ថែមលើការវិនិយោគលើវិស័យអចលនទ្រព្យ ឬការសន្សំមានកាលកំណត់នៅធនាគារ ជាដើម។
– មានភាពងាយស្រួលក្នុងការចូលវិនិយោគ បើទោះជាមានប្រាក់តិចតួចក៏ដោយ ហើយងាយស្រួលក្នុងការដកខ្លួនចេញវិញ នៅពេលដែលលោកអ្នកត្រូវការសាច់ប្រាក់វិញ។
– មិនមានពន្ធប្រថាប់ត្រាលើការជួញដូរមូលបត្រនៅ ផ.ម.ក.ទេ។
– មិនមានពន្ធកាត់ទុកលើភាគលាភ ដែលទទួលដោយនិវេសនជនកម្ពុជាទេ (រួមទាំងជនបរទេសផងដែរ) ហើយមានការបន្ធូរបន្ថយ៥០% លើពន្ធកាត់ទុក(១៤%) លើភាគលាភទទួលដោយអនិវេសនជន សម្រាប់រយៈពេលបីឆ្នាំដំបូង ដោយរាប់ចាប់ពីកាលបរិច្ឆេទប្រតិបត្តិការដំបូងរបស់ផ្សារមូលបត្រកម្ពុជា៕