ដោយ៖ លក្ខិណា
ភ្នំពេញ៖ ការនាំចេញរបស់ចិន បានកើនឡើងយ៉ាងខ្លាំង នៅក្នុងខែវិច្ឆិកា២០២០នេះ ខណៈប្រទេសមួយចំនួនជាពិសេសនៅប៉ែកអឺរ៉ុប ជួបនឹងវិបត្តិកូវីដ១៩ និងកំពុងមានបញ្ហាសេដ្ឋកិច្ចផងដែរនោះ។ នេះបើយោងតាមទូរទស្សន៍ NHK របស់ជប៉ុនចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ២០២០នេះ។
សម្ភារនិងទំនិញ ដែលមានតម្រូវការខ្លាំងពីសំណាក់ទីផ្សារអន្តរជាតិ គឺសម្ភារវេជ្ជសាស្ត្រ និងទំនិញដែលមានសក្ដានុពលក្នុងកូវីដ១៩នេះ ជាពិសេសសម្ភារដែលប្រើប្រាស់ក្នុងពេលបិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។
ទូរទស្សន៍របស់ជប៉ុនមួយនេះបាននិយាយថា រយៈពេល៦ខែជាប់ខែនេះ ការនាំចេញរបស់ប្រទេសចិន មានកំណើនជាបន្តបន្ទាប់ ហើយបើបានអាជ្ញាធរគយរបស់ប្រទេសចិនបាននិយាយថា ការនាំចេញបានកើនឡើងរហូតដល់២១,១ភាគរយ កាលពីខែវិច្ឆិកា ២០២០ ក្នុងនោះការនាំចេញម៉ាស់និងឧបករណ៍វេជ្ជសាស្ត្របានកើនឡើង នៅពេលដែលជំងឺរាតត្បាតបានរីករាលដាលនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក។
ទន្ទឹងនឹងនេះ តម្រូវការកុំព្យូទ័រយួរដៃ ( Laptop ) ផ្ទាល់ខ្លួន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅតែមានភាពរឹងមាំនៅពែលមានដែលមនុស្សកាន់តែច្រើនតម្រូវឱ្យធ្វើការពីផ្ទះ។
ដោយឡែកការនាំចូលរបស់ចិនវិញ ក៏មានកំណើនប្រមាណ៤,៥ភាគរយផងដែរ ក្នុងរយៈពេល៣ខែជាប់គ្នានេះ ដែលធ្វើតម្លៃពាណិជ្ជកម្មសរុបរបស់ចិនមានចំនួន ៤៦០ពាន់លានដុល្លារ កើនឡើង១៣,៦ភាគរយ។
ទិន្នន័យនេះបញ្ជាក់ពីការងើបឡើងវិញរបស់ប្រទេសចិន មុនប្រទេសមានសេដ្ឋកិច្ចធំៗ ជាច្រើនផ្សេងទៀត។ ប៉ុន្តែអាជ្ញាធរចិនបារម្ភថា នៅពេលប្រាក់យន់ឡើងថ្លៃអាចធ្វើឱ្យការនាំចេញធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ពួកគេក៏មានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់នៃការឆ្លងមេរោគ ដែលកំពុងកើនឡើងនៅក្នុងប្រទេសដទៃទៀត៕