អាជីវកម្មជាច្រើនទីតាំងបានបិទបណ្ដោះអាសន្នប៉ះពាល់ប្រាក់ចំណូលបុគ្គលិក និងអ្នកពាក់ព័ន្ធជាច្រើន

        ដោយលក្ខិណា

ភ្នំពេញៈ ទីតាំងអាជីវកម្មជាច្រើនកន្លែង បានបិទទ្វារបណ្ដោះអាសន្ន និងមួយចំនួនទៀតកំពុងប្រឈមនឹងការបិទដូចគ្នា ដោយសារតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ព្រោះទីតាំងទាំងនោះ ត្រូវបានរកឃើញថាអ្នកផ្ទុកកូវីដ១៩ បានចូលទៅទីនោះហើយអាចបង្កជាហានិភ័យ នឹងជាមួយនឹងអ្នកដែលចូលទៅទីនោះដូចគ្នា។

ជាការកត់សម្គាល់រហូតមកដល់ពេលនេះ ទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកា និងត្រូវបានបិទដូចជាហាងលក់ទំនិញPedro ហាងសម្លៀកបំពាក់ Zendo ហាងលក់ប័រហ្គឺ ហាងកាត់សក់ ឱសថស្ថាននិងហាងលក់ទំនិញមួយចំនួនទៀត នៅរាជធានីភ្នំពេញ។

ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោកវន់ ពៅបានលើកឡើងថា ការបិទអាជីកម្មអ្វីមួយ គឺតែងតែប៉ះពាល់ជៀសមិនផុតនោះទេ តែអ្វីដែលអាជ្ញាធរធ្វើគឺត្រឹមត្រូវណាស់ ដើម្បីការពារការឆ្លងរាលដាលកាន់តែខ្លាំងក្នុងសហគមន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា “ការបិទអាជីវកម្ម អាចបាត់បង់ការងារសម្រាប់បុគ្គលិក បម្រើការនៅអាជីវកម្មនោះ ហើយនិងអ្នកដែលទទួលផលពីអាជីវកម្មនោះ ដោយប្រយោលដូចជាក្រុមអ្នកដឹកជញ្ជូន កង់បីម៉ូតូឌុប តាក់ស៊ី ជាដើម”។

លោកបន្តថា នៅពេលអាជីវកម្មបិទបុគ្គលិកអត់ការងារធ្វើ ពេលនេះវិបត្តិហិរញ្ញវត្ថុកាន់តែខ្លាំងនៅតាមគ្រួសារមួយចំនួន ព្រោះថាពួកគាត់មួយចំនួនកំពុងបង់ធនាគារ ឬមីក្រូហិរញ្ញវត្ថុប្រចាំខែ ហើយបើសិនជាពួកគាត់អត់មានលទ្ធភាពរកប្រាក់ សម្រាប់បង់ធនាគារឬមីក្រូហិរញ្ញវត្ថុ ដោយសារតែអត់មានការងារធ្វើពេលនេះវានឹងកាន់តែពិបាក ប៉ុន្តែបើសិនជាម្ចាស់អាជីវកម្ម ដែលបានបិទនោះនៅតែផ្ដល់ប្រាក់កម្រៃ ជូនបុគ្គលិកពេលនោះវិបត្តិវានឹងមិនកើតឡើងបន្ថែមទៀតនោះទេ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងសារទៅកាន់ពលរដ្ឋថា ក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលនឹងមិនដាក់ប្រទេសឬដាក់ផ្នែកណាមួយក្នុងគ្រាអាសន្ននោះទេ ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ដូច្នេះរាជរដ្ឋាភិបាលអំពាវនាវឱ្យពលរដ្ឋទាំងអស់ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពតាមការណែនាំរបស់ក្រ​សួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងនិងបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកាឱ្យបានឆាប់ ។

សម្ដេចបានស្នើឱ្យអាជ្ញាធរត្រូវតាមដាន និងត្រួតពិនិត្យមើលអាជីវកម្មណា ដែលមិនគោរពតាមគោលការណ៍ក្រសួងសុខាភិបាល ហើយងត្រូវបិទអាជីវកម្មនោះជាបណ្ដោះ​អាសន្ន ដើម្បីកុំឱ្យមានការឆ្លងរាលដាលក្នុងសហគមន៍បន្តទៀត ខណៈរហូតមកដល់ពេលនេះ អ្នកឆ្លងក្នុងសហគមន៍បានកើនឡើងដល់ជាង៣០នាក់ហើយ គិតចាប់តាំងពីថ្ងៃទី២៨វិច្ឆិកា២០២០មក។

បើតាមលោកសំ សុខនឿនប្រធានសមាគមអ្នកចលនទ្រព្យសកល ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩នេះ ឱ្យបានទាំងអស់គ្នា តាមរយៈការគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបញ្ឈប់ការឆ្លងរាលដាលនិងជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here