វិស័យ SME ត្រូវយកច្ចេកវិទ្យាចុងក្រោយ ដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ត្រូវចាប់យកឱ្យបានបច្ចេកវិទ្យាចុងក្រោយនៅលើពិភពលោក ដើម្បីជំរុញអភិវឌ្ឍន៍ខ្លួនឯងលើបច្ចេកវិទ្យាឌីជីថល និងអាចប្រកួតប្រជែង និងស្វែងរកអតិថិជន ដើម្បីទិញផលិតផលរបស់ខ្លួននាពេលខាងមុខ។

លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍កាលពីថ្មីៗនេះថា សហគ្រាសនៅកម្ពុជាត្រូវតែមានការវិវត្ដ ដោយមិនត្រូវធ្វើតាមរបៀបបុរាណដែលយើងធ្វើកន្លងមកបន្ដទៀតនោះទេ ត្រូវតែចាប់យកបច្ចេកវិទ្យាថ្មីៗដែលមាននៅលើពិភពលោក។

លោកបានបន្ដទៀតថា “បើទោះបីកម្ពុជាយើងយឺតជាងគេមែន ប៉ុន្ដែពេលអនុវត្ដន៍បច្ចេកវិទ្យាយើងមិនត្រូវយកបច្ចេកវិទ្យាដែលគេធ្វើហើយនោះទេ ត្រូវយកបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដើម្បីយកមកអភិវឌ្ឍន៍ប្រទេស ហើយដើរតាមទាន់សភាពការណ៍ និងតម្រូវការរបស់ពិភពលោក”។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “យើងចង់ប្រមូលផ្ដុំសហគ្រាសខ្នាតតូច និងមធ្យមមក ដើម្បីឃុំគ្រង និងជួយឧបត្ដម្ភពួកគាត់សព្វបែបយ៉ាង ព្រមទាំងជួយតម្រង់ទិសទៅរកទីផ្សារនៅលើពិភពលោកបាន បើមិនអីច្ចឹងទេ សហគ្រាសខ្នាតតូច និងមធ្យមកើតហើយស្លាប់ៗ។ យើងខិតខំលើកទឹកចិត្ដឱ្យសហគ្រាសខ្នាតតូច និងមធ្យមប្រកាន់យកនូវបច្ចេកវិទ្យាដែលចាំបាច់សម្រាប់អភិវឌ្ឍន៍លើខ្លួនឯងនាពេលអនាគត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីបានឱ្យដឹងដែរថា អ្វីដែលជាបច្ចេកវិទ្យាចុងក្រោយនៅលើពិភពលោក សហគ្រាសខ្នាតតូច និងមធ្យម ត្រូវចាប់យកឱ្យបាន ដើម្បីជំរុញអភិវឌ្ឍន៍ខ្លួនឯងលើបច្ចេកវិទ្យាឌីជីថល នាពេលខាងមុខ។ ទន្ទឹមនេះ ការបម្រែបម្រួលឌីជីថល គឺមានទំហំធំណាស់ ដែលបច្ចេកវិទ្យាទាំងអស់ នឹងមានការវិវត្ដខ្លួនទៅទាំងអស់ ហើយប្រសិនបើយើងមិនបានក្ដាប់បាននូវការវិវត្ដរបស់ទីផ្សារលើពិភពលោកនោះទេ ផលិតផលរបស់យើងក៏មិនអាចប្រកួតប្រជែង និងស្វែងរកអតិថិជន ដើម្បីទិញផលិតផលរបស់យើងនោះទេ។

លោកបានថ្លែងទៀតថា ការបង្កើតសួនបណ្តុំសហគ្រាសធុនតូចនិងមធ្យម គឺពិតជាមានសារៈសំខាន់ណាស់ដោយសារតែការប្រមូល SME ដើម្បីយកមកធ្វើនេះ គឺស្របតាមសេចក្ដីត្រូវការនៅលើទីផ្សារមាន បើពួកគាត់ខ្វះទុនគឺមានប្រភពហិរញ្ញវត្ថុ ធនាគារសម្រាប់ផ្ដល់ការគាំទ្រដល់ SME ការផ្ដល់កម្ចីពង្រីកនូវអាជីវកម្ម រួមទាំងការបណ្ដុះបណ្ដាលនូវបច្ចេកវិទ្យា ជំនាញកាន់បញ្ជីគណនេយ្យ និងបណ្ដុះបណ្ដាលការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here