តើសេដ្ឋកិច្ចរបស់ពិភពលោកនៅឆ្នាំ២០២៥ខាងមុខ នឹងស្ទុះងើបឡើងវិញ ឬបន្តមានស្ថានភាពយ៉ាប់យុឺន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនសេដ្ឋកិច្ចសកលអាចនឹងកើនឡើងក្នុងរង្វង់ប្រហែល៣ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសារគោលនយោបាយពន្ធគយ និងអន្តោប្រវេសន៍នឹងចាប់ផ្តើមធ្វើឱ្យសន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះនៅឆ្នាំក្រោយ គួបផ្សំនឹងការជាប់គាំងនៃសេដ្ឋកិច្ចចិន។

បញ្ហាប្រឈមសំខាន់ៗក្នុងទីផ្សារនៅឆ្នាំ២០២៤នេះរួមមាន ការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងអត្រាអតិផរណា។ ប្រសិនបើសម្លឹងឆ្ពោះទៅអនាគត កត្តាទាំងពីរនេះនឹងបន្តជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Seth Carpenter ប្រធានសេដ្ឋវិទូសកលរបស់ធនាគារ Morgan Stanley មានប្រសាសន៍ឱ្យដឹងថា “លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនឹងនាំទៅរកការផ្លាស់ប្តូរគោលនយោបាយ ជាមួយនឹងផលប៉ះពាល់ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសេដ្ឋកិច្ចពិភពលោក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កត្តាជំរុញនៃកំណើនសេដ្ឋកិច្ចអាមេរិកកំពុងផ្លាស់ប្តូរ ហើយយើងរំពឹងថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះនៅឆ្នាំ២០២៥ និងនៅឆ្នាំ២០២៦ នៅពេលការដាក់ពន្ធថ្មី និងការរឹតបន្តឹងជនអន្តោប្រវេសន៍ចូលជាធរមាន”។

លោកបានព្យាករណ៍ថា កំណើនពិភពលោកនឹងកើនឡើងប្រហែល៣% ក្នុងឆ្នាំ២០២៥ និង២,៩% ក្នុងឆ្នាំ២០២៦ ដោយក្រុមអ្នកវិនិយោគអាចប្រឈមមុខនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ និងភាពខ្វែងគំនិតគ្នាក្នុងតំបន់។

បញ្ហាកំណើនអតិផរណា​ ដែល​បានបង្កឱ្យមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ក្រុមអ្នក​បង្កើត​គោលនយោបាយ​ និង​អ្នក​វិនិយោគ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​បន្ត​មាន​​ប្រក្រតីភាពឡើងវិញ។

ទោះជាយ៉ាងណា វឌ្ឍនភាពក្នុងការកាត់បន្ថយអតិផរណាអាចមានសភាពយឺតយ៉ាវ ហើយនឹងប្រែប្រួលខុសៗគ្នានៅក្នុងប្រទេសនីមួយៗ។ តួយ៉ាង អតិផរណានៅសហរដ្ឋអាមេរិកអាចនឹងងើបឡើងវិញនៅចុងឆ្នាំ២០២៥ ដោយសារតែការកើនឡើងនៃតម្លៃទំនិញ និងតម្លៃពលកម្ម ដែលបណ្តាលមកពីពន្ធគយថ្មី និងគោលនយោបាយអន្តោប្រវេសន៍របស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ត្រាំ។

ដោយឡែក អត្រាអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងចក្រភពអង់គ្លេសអាចបន្តថយចុះជាលំដាប់ ស្របពេលមានហានិភ័យនៃកំណើនសេដ្ឋកិច្ចទាប។

 

ផ្ទុយទៅវិញ ប្រទេសជប៉ុនកំពុងបន្តជាប់គាំងនៅក្នុងវិបត្តិបរិត្តផរណា ដែលជាបញ្ហាសេដ្ឋកិច្ចជាច្រើនទសវត្សរ៍មកនេះ។ អតិផរណានៅប្រទេសជប៉ុនអាចនឹងធ្លាក់ចុះមកនៅត្រឹមកម្រិតទាបជាងគោលដៅ២% របស់ធនាគារជប៉ុនក្នុងឆ្នាំ២០២៦។

ទន្ទឹមគ្នានោះ ប្រទេសចិនក៏នៅតែបន្តការប្រយុទ្ធរបស់ខ្លួនជាមួយនឹងវិបត្តិបរិត្តផរណាផងដែរ។ ក្រុមសេដ្ឋវិទូនៅធនាគារ Morgan Stanley រំពឹងថា តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសចិននឹងពិបាកស្ទុះងើបឡើងវិញណាស់ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការទីផ្សារក្នុងស្រុក។

ក្នុងបរិបទបែបនេះ ធនាគារកណ្តាលនានានៅលើពិភពលោកអាចនឹងចាត់វិធានការខុសៗគ្នា។ តួយ៉ាង ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed) ទំនងជាត្រូវផ្អាកនៅពាក់កណ្តាលឆ្នាំ២០២៥ ខណៈពេលដែលធនាគារកណ្តាលអឺរ៉ុប(ECB) និងធនាគារកណ្តាលអង់គ្លេស(BoE)អាចបន្តកាត់បន្ថយអត្រាការប្រាក់។

ទន្ទឹមនឹងនេះ ក្រុមសេដ្ឋវិទូព្យាករណ៍ថា ធនាគារកណ្តាលជប៉ុន(BoJ) នឹងដំឡើងអត្រាការប្រាក់ចំនួនពីរដងនៅក្នុងឆ្នាំ២០២៥៕ប្រភព: Morgan Stanley៕

LEAVE A REPLY

Please enter your comment!
Please enter your name here