ដោយៈ គង់ សូរិយា
កណ្តាលៈ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)លោកឆារស៍ វ៉ាន់ បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សម្រេចបានការសាងសង់ ដំណាក់កាលទីមួយ បានប្រមាណ៩២%ហើយ ស្មើនឹងទឹកប្រាក់១,៣៣៦លានដុល្លារ ដែលគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ទៅតាមផែនការគ្រោងទុក។
ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួម ពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឆារស៍ វ៉ាន់ បានឱ្យដឹងថា គិតត្រឹមថ្ងៃ ទី២៨ ខែវិច្ឆិកានេះ ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេច ការ សាងសង់ បានប្រហែលជា៩២% និងចំនួនទឹកប្រាក់១,៣៣៦លានដុល្លារ ហើយគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២៥ ទៅតាមផែនការដែលបានគ្រោងទុក។
លោកបន្តថា ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស ដែលបានចុះមកទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានការរំភើបចិត្ដ ហើយមិននឹកស្មានថា ប្រទេសកម្ពុជាមានការសាងសង់ព្រលានយន្ដហោះខ្នាត4F ជាអន្ដរជាតិ និងមានស្ដង់ដារខ្ពស់ បែបនេះនោះទេ។
ឯកអគ្គរដ្ឋទូតទាំង៤ប្រទេសនោះ រួមមាន៖ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា, លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងលោក Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។
ក្រោយពីបានដើរពិនិត្យ វឌ្ឍនភាពដំណើរការសាងសង់ ព្រលានយន្តហោះរួចមក, ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស បានកត់សម្គាល់ឃើញថា ការសាងសង់នេះមានលក្ខណៈប្លែកច្រើន និងឃើញថា ជាការសាងសង់មួយ ក្នុងទំហំធំពុំធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។
ឯកអគ្គរដ្ឋទូតទាំង៤ប្រទេស បានសន្យាថា ពួកគាត់នឹងព្យាយាម ជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ដែលមានព្រលានយន្ដហោះខ្នាត 4F ជាអន្ដរជាតិ ទៅកាន់ប្រជាជនរបស់ពួកគាត់ ក្នុងការទាក់ទាញភ្ញៀវទេសចរ នៅថ្ងៃខាងមុខផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា៣ដំណាក់កាល។ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ១.៥ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេ នៅតំបន់អាស៊ី៕