ដោយ៖ លក្ខិណា
ភ្នំពេញ៖ យោងតាមប្រសាសន៍មន្ត្រីជាន់ខ្ពសកម្ពុជានៅក្នុង វេទិកាធុរកិច្ចមួយកាលពីថ្ងៃទី៤ធ្នូ ២០២០ តាមប្រព័ន្ធវីដេអូអនឡាញ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការល្អវាងឥណ្ឌា និងប្រទេសជាសមាជិក CLMV ពិតជាអាចឱ្យកម្ពុជាឆក់យកឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព រវាងប្រទេស និងប្រទេស ព្រមទាំងតំបន់ទាំងមូល។
លោកឈួន ដារ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបានប្រឈមមុខនឹងបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ដែលបានជះឥទ្ធិពលដល់កម្ពុជា និងក្នុងពិភពលោកទាំងមូល ហើយបណ្តាប្រទេស CLMV និងឥណ្ឌាក៏បានឆ្លងកាត់បញ្ហាប្រឈមនេះផងដែរ។
លោកបន្តថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចឆ្នើមប្រមាណ ៧,១% ក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។
យោងតាមធនាគារពិភពលោក ប្រទេសកម្ពុជាបានជាប់ឋានៈជាប្រទេសមានប្រាក់ចំណូលទាប និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥ នៅពេលដែលប្រាក់ចំណូលជាតិដុល (GDP) របស់មនុស្សម្នាក់ចំនួន ១.០៧០ ដុល្លារ នឹងបានកើនឡើងដល់ ១.៦៧៩ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩។
អតិផរណាប្រចាំឆ្នាំគឺ ស្ថិតក្រោមការគ្រប់គ្រង ២,៣ភាគរយ អត្រាភាពក្រីក្រធ្លាក់ចុះក្រោម ១០% និងអត្រាគ្មានការងារធ្វើមាន ០,៣ភាគរយក្នុងឆ្នាំ ២០១៩។
ទាក់ទងនឹងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការកើនឡើងយ៉ាងខ្លាំងពី ៩២៨ លានដុល្លារក្នុងឆ្នាំ ២០០៩ ដល់ ៣,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។ លំហូរវិនិយោគផ្ទាល់ពីបរទេសផ្តោតសំខាន់លើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកែច្នៃ កសិកម្ម សំណង់ និងទេសចរណ៍។
ចំណែកសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចក្តីរំពឹងទុក របស់ភាគីទាំងពីរ។ នៅឆ្នាំ ២០១៩ យោងតាមទិន្នន័យផ្ទាល់ខ្លួនរបស់កម្ពុជាតម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាមានចំនួន ២៥៦ លានដុល្លារសហរដ្ឋអាមេរិក បាននាំចេញទៅប្រទេសឥណ្ឌាក្នុងតម្លៃ ៦៤,៦៧ លានដុល្លារ និងនាំចូលពីប្រទេសឥណ្ឌាក្នុងតម្លៃ ១៩១,៥៩ លានដុល្លារ៕







