តាមការព្យាករណ៍ៈប្រាក់ដុល្លារនឹងបន្តធ្លាក់ថ្លៃរហូតដល់ពាក់កណ្ដាលឆ្នាំ២០២១

ដោយៈសុខុម

អន្តរជាតិៈ តម្លៃប្រាក់ដុល្លារ ទំនងជានឹងបន្តធ្លាក់ចុះរយៈពេលយ៉ាងតិច៦ខែទៀត ស្របពេលបណ្ដាវិនិយោគិន បន្តងាកទៅវិនិយោគលើទ្រព្យសកម្មមានហានិភ័យ (Risky asset) ដែលផ្ដល់ផលចំណេញខ្ពស់។ នេះបើយោងតាមលទ្ធផលស្ទង់មតិរបស់ទីភ្នាក់ព័ត៌មាន Reuters ដែលបានសាកសួរក្រុមអ្នកជំនាញខាងរូបិយប័ណ្ណ។

ក្រោយភាគហ៊ុនឡើងថ្លៃឡើងវិញកាលពីខែវិច្ឆិកា រូបិយប័ណ្ណដុល្លារ បានធ្លាក់ថ្លៃប្រមាណ៣,០សេនកាលពីខែមុន ហើយបន្តធ្លាក់ថ្លៃជិត៦សេននៅឆ្នាំនេះ ធ្វើឱ្យរូបិយប័ណ្ណមួយនេះសំយ៉ុងក្បាលចុះ ឆ្ពោះទៅរកលទ្ធផលប្រចាំឆ្នាំដ៏អាក្រក់បំផុត របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧មក។

ថ្វីបើពលរដ្ឋអាមេរិករហូតដល់ទៅប្រមាណ១៤លាននាក់ បានឆ្លងវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏គេនៅតែមានក្ដីសង្ឃឹមថា ស្ថានភាពនឹងល្អប្រសើរឡើងក្នុងឆ្នាំសារពើពន្ធថ្មី ហើយវ៉ាក់សាំងកូវីដ-១៩ នឹងជួយជំរុញឱ្យភាគហ៊ុនពិភពលោកឡើងថ្លៃ ខណៈរូបិយប័ណ្ណដុល្លារ បន្តធ្លាក់ថ្លៃក្នុងរយៈពេលវែងគួរសម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការព្យាករណ៍ ធនាគារកណ្ដាលរបស់អាមេរិក ឬFederal Reserve នឹងផ្ដល់ការតម្រង់ទិសកាន់តែប្រសើរថា តើរយៈពេលយូរប៉ុណ្ណា ដែលខ្លួននឹងបន្តទិញប័ណ្ណបំណុ​ល ដើម្បីជួយស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យប៉ះពាល់ដល់រូបិយប័ណ្ណដុល្លារ។

ជាង២ភាគ៣នៃក្រុមអ្នកវិភាគ ពោលគឺចំនួន៥១រូបក្នុងចំណោម៧២រូប ដែលបានឆ្លើយសំណួរដាច់ដោយឡែកពីគ្នា របស់ទីភ្នាក់ព័ត៌មាន Reuters ពួកគេបានរំពឹងថា ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណដុល្លារ ទំនងជានឹងបន្តយ៉ាងហោចណាស់ ដល់ពាក់កណ្ដាលឆ្នាំ២០២១។ ចំណែកឯអ្នកវិភាគចំនួន២១រូបទៀតនិយាយថា រូបិយប័ណ្ណដុល្លារនឹងឡើងថ្លៃវិញឆាប់ជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here