រដ្ឋាភិបាលអាមេរិក បានសន្យាជួយសេដ្ឋកិច្ចកម្ពុជានិងតំបន់អាស៊ីឱ្យងើបឡើងវិញពីវិបត្តិជំងឺរាតត្បាត

ដោយ៖ សាវុធ
ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតសម្លៀកបំពាក់អាមេរិក បានសន្យាជួយកម្មករនៅអាស៊ី ក្នុងនោះក៏មានកម្ពុជាផងដែរ ឱ្យមានធូរស្រាលឡើងវិញពីភាពលំបាកផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានអាមេរិកប្រចាំប្រទេស Georgia នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងតំណាងឧស្សាហកម្ម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២៨ ខែតុលា ដោយបានសន្យាថានឹងស្វែងរកវិធី ដើម្បីជួយកម្មករដែលផ្គត់ផ្គង់ក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងរបស់សហរដ្ឋអាមេរិក។
ក្នុងរយៈពេលមួយឆ្នាំខាងមុខ ភាពជាដៃគូនេះនឹងជួយដល់កម្មករ-កម្មការិនីវាយនភ័ណ្ឌនៅក្នុងប្រទេស ដូចជាបង់ក្លាដែស កម្ពុជា ស្រីលង្កា និងវៀតណាម ដែលភាគច្រើនបានបាត់បង់ការងារ ដោយសារជំងឺរាតត្បាត។
ទីភ្នាក់ងារ USAID បានឱ្យដឹងសេចក្តីថ្លែងការណ៍ប្រកាសអនុស្សរណៈនៃការយោគយល់នេះថា “ជំងឺរាតកូវិដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បណ្តាញផ្គត់ផ្គង់ពិភពលោក ដែលធ្វើឱ្យរំខានដល់ពាណិជ្ជកម្ម និងការវិនិយោគធ្វើឱ្យកម្មករជួរមុខប្រឈមនឹងហានិភ័យ និងបំបាត់ការងាររាប់លាននាក់ផ្សេងទៀត ជាពិសេសស្ត្រី។ ។
ការប្តេជ្ញាចិត្តនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ក្នុងកំឡុងពេល និងបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីជំរុញសេដ្ឋកិច្ចពិភពលោក តាមរយៈការស្តារទំនុកចិត្តលើការធ្វើដំណើរ ការដឹកជញ្ជូន និងពាណិជ្ជកម្មអន្តរជាតិប្រកបដោយសុវត្ថិភាព។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារ USAID បានធ្វើការពិនិត្យយុទ្ធសាស្ត្រ ដើម្បីកំណត់វិធីដែលល្អបំផុត ក្នុងការជួយរដ្ឋាភិបាល និងដៃគូអន្តរជាតិជំនះភាពលំបាកផ្នែកសេដ្ឋកិច្ច និងមនុស្សធម៌ ដែលបណ្តាលមកពីជំងឺរាតត្បាត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here