ដោយៈសាវុធ
ភ្នំពេញៈធនាគារជាតិនៃកម្ពុជា ជាស្ថាប័នស្វយ័តសាធារណៈ ដែលទទួលសិទ្ធិអចិន្ត្រៃយ៍ពីរាជរដ្ឋាភិបាល មានស្វ័យភាពក្នុងការគ្រប់គ្រង តែត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តភារកិច្ច និងលទ្ធផលដែលសម្រេចបាន ជូនរដ្ឋសភានិងរាជរដ្ឋាភិបាល។
ធនាគារកណ្តាលកំណត់ និងអនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីរក្សានិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោយពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌគោល នយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាភិបាលជាគណៈគ្រប់គ្រង ដែលមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចលើផែនការ និងគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា។
ក្រុមប្រឹក្សាភិបាលកំពូលមានសមាសភាពចំនួន៧រូប ដែលមានទេសាភិបាលជាប្រធាន និងមានតួនាទីជានាយកប្រតិបត្តិនៃធនាគារជាតិនៃកម្ពុជា ជាអ្នករាយការណ៍ជូនក្រុមប្រឹក្សាភិបាល និងជាអ្នកទទួលខុសត្រូវអនុវត្តគោលនយោបាយ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា។
ទេសាភិបាលត្រូវបានតែងតាំង ដាក់ជំនួស និងបញ្ឈប់ពីតំណែងដោយព្រះ រាជក្រឹត្យ ដែលយោងតាមសំណើរបស់រាជរដ្ឋាភិបាល ។ ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំគ្នាយ៉ាងតិច២ខែម្តង៕