ការទូទាត់តាមបច្ចេកវិទ្យា QR Code ក្លាយជាជំរើសក្នុងស្ថានភាពកូវីដ១៩រាលដាល

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្នុងបរិបទបច្ចេកវិទ្យាកាន់តែរីកចម្រើន ក្នុងវិស័យធនាគារ ការទូទាត់ការចំណាយនានាក៏ត្រូវបានផ្លាស់ប្តូរការពីប្រើប្រាស់សាច់ប្រាក់សុទ្ធទៅជាការប្រើបច្ចេកវិទ្យាកាន់តែមានការរីកចម្រើន ខណៈកូវីដ១៩កំពុងរាលដាល ការទូទាត់តាមបច្ចេកវិទ្យា QR Code កំពុងក្លាយជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងកាលពីពេលកន្លងទៅនេះថា កូវីដ១៩ ត្រូវបានឆ្លងរាលដាលតាមរយៈការប៉ះពាល់វត្ថុរួមគ្នាពីម្នាក់ទៅម្នាក់និងតៗគ្នា ហើយក្រដាសប្រាក់ក៏ជាវត្ថុមួយដែលគេប៉ះពាល់តៗគ្នាពីមួយទៅមួយបន្តបន្ទាប់ដែរ។

លោកបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទូទាត់ការចំណាយជាពិសេសការប្រើប្រាស់ QR Code វានឹងចូលរួមចំណែកមួយក្នុងការទប់ស្កាត់ការចម្លងកូវីដ១៩ផងដែរ ដោយសារតែវាមិនចាំបាច់ធ្វើប្រើលុយសុទ្ធហើយអ្នកទទួលប្រាក់ក៏មិនចាំបាច់ពិបាកក្នុងការអាប់ប្រាក់មកអ្នកវិញហើយប៉ះពាល់តៗនោះដែរ។

លោកបានថ្លែងថា “ការទូទាត់តាម QR Code ក៏ដូចជាតាមប្រព័ន្ធបច្ចេកវិទ្យាដទៃទៀត នឹងជួយពលរដ្ឋមិនឱ្យមានការភ័យព្រួយពីក្រដាស់ប្រាក់ក្លែងក្លាយ ហើយនឹងរក្សានូវភាពថ្មីនៃក្រដាស់ប្រាក់នោះបានយូរ ជាហេតុធ្វើឱ្យធនាគារកណ្ដាលមិនចាំបាច់ក្នុងការបោះពុម្ពក្រដាស់ប្រាក់បន្ថែមឡើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាទូទាត់តាមទូរសព្ទដៃ និងអេឡិចត្រូនិកក៏មានប្រយោជន៍សម្រាប់កាត់បន្ថយការចំណាយពេលវេលាផងដែរ ជាក់ស្ដែងការទូទាត់ទឹក ភ្លើង និងមួយចំនួនផ្សេងទៀត មិនចាំបាច់ទៅជួបផ្ទាល់នោះទេគឺអាចទូទាត់ពីផ្ទះក៏បាន ដែលចំណេញដល់ការធ្វើដំណើរ ចំណេញថវិកាសម្រាប់ធ្វើដំណើរទៅកាន់បញ្ជរជាដើម។

លោកគា បូរាណប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានអេអឹមខេ បានឱ្យដឹងថា ការដាក់ឲ្យប្រើប្រាស់សេវាកម្ម ទូទាត់ QR នឹងផ្តល់ផលចំណេញជាច្រើនដល់អ្នកប្រើប្រាស់ជាពិសេសគឺម្ចាស់អាជីវកម្ម ព្រោះគាត់អាចធ្វើការទូទាត់ជាមួយ អតិថិជនរបស់គាត់កាន់តែមានភាពងាយស្រួលជាងមុន ដោយមិនបាច់ប្រើសាច់ប្រាក់ ចំណេញពេលវេលា សុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here