ធនាគារ ARDB បានបញ្ចេញឥណទានជាង៥០ភាគរយដើម្បីដល់សហគមន៍កម្មកសិកម្ម

ដោយ៖ សាវុធ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ចេញឥណទានជាង ៥០ភាគរយនៃហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ជាមួយការប្រាក់ទាប ដើម្បីជួយដល់សហគមន៍កសិកម្ម។

លោក កៅ ថាច អគ្គនាយកធនាគារ ARDB បានថ្លែងកាលពីថ្មីៗនេះថា ហិរញ្ញប្បទាន ៣០ លានដុល្លារ មកដល់បច្ចុប្បន្នទំហំទឹកប្រាក់នេះ បានផ្តល់កម្ចីជាង ៥០ ភាគរយហើយ ក្នុងនោះតាមរយៈនៃការផ្តល់ប្រាក់កម្ចីនេះ បានជួយដល់ប្រជាកសិករ សហគមន៍កសិកម្ម ក្រុមអ្នកផលិត អ្នកដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម សហគមន៍កសិកម្មជាដើម។

លោក បានឱ្យដឹងទៀតថា ចំពោះទំហំទឹកប្រាក់ដែលនៅសល់ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កំពុងពិនិត្យលទ្ធភាព ក្នុងការផ្តល់ប្រាក់កម្ចីបន្ត ដើម្បីជួយដល់ប្រជាពលរដ្ឋយើង ទទួលបានថវិកានេះ យកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនបន្ថែម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកហិរញ្ញប្បទាន ៥០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល ជួយទៅដល់វិស័យជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជាទុនសម្រាប់អភិវឌ្ឍន៍បន្ថែម វិស័យកែច្នៃផលិតផលកសិកម្ម និងវិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ជាពិសេសសម្រាប់ការប្រមូលទិញស្រូវ មកដល់ពេលនេះទំហំទឹកប្រាក់ ៥០លានដុល្លារ នៅសល់តិចតួចប៉ុណ្ណោះ ដែលធនាគារកំពុងអនុវត្តបន្ត។

ហិរញ្ញប្បទានដែលផ្តល់ដោយរាជរដ្ឋាភិបាល ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញឲ្យសហគ្រាសទាំងនោះពង្រីកខ្លួន និងឈានទៅប្រកួតប្រជែងក្នុងទីផ្សារ និងជំនួសការនាំចូល នៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ–១៩ នេះ។

ក្នុងនោះ កញ្ចប់ថវិកាបានផ្តល់ច្រើនជាងគេ គឺលើវិស័យកសិកម្ម មានការចិញ្ចឹមត្រី ដាំបន្លែ ផ្លែឈើជាដើម ។ ជាក់ស្តែងការចិញ្ចឹមត្រី បើតាមរបាយការណ៍ពីរដ្ឋបាលជលផល បង្ហាញឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ ការងារវារីវប្បកម្ម មានកំណើនរហូតដល់ ៣០ ភាគរយ ស្មើនឹងទិន្នផល ៤០០ពាន់តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here