ដោយ៖ លក្ខិណា
ភ្នំពេញ៖ កម្ពុជា និងរុស្ស៊ីបានបង្ហាញពីបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នានៅពេលអនាគត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងគ្នាបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរវាង ភាគីទាំងពីរនៅមានកម្រិតនៅឡើយ។
លោកស៊ាង ថៃរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍តាមប្រព័ន្ធតេលេក្រាមនៅរសៀលថ្ងៃទី២ ខែធ្នូ ២០២០នេះ ថា កម្ពុជាបានបង្ហាញពីបំណងចង់សិក្សាពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-រុស្សី ប៉ុន្តែការចាប់ផ្ដើមនៅពេលណា ភាគីទាំងពីរមិនទាន់អាចកំណត់នៅឡើយទេ។
មន្ត្រីជាន់ខ្ពស់កម្ពុជាបានលើកឡើងពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ហើយមុននឹងបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងប្រទេសណាមួយ កម្ពុជាបានគិតច្បាស់លាស់ថាតើខ្លួនចំណេញអ្វី ទទួលបានអ្វីនៅពេលចូលជាធរមាន ខុសពីមតិមួយចំនួនដែលលើកឡើងថាកម្ពុជាខាតបង់ពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយចូលជាធរមាន។
លោកសុខ សុភ័ក្ត្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាបានសម្រេចនូវការចរចានិងចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ហើយក៏កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសាធារណៈរដ្ឋកូរ៉េផងដែរ ដែលមកដល់ពេលនេះ កិច្ចចរចាបានបញ្ចប់ជុំទី៤ហើយផងដែរ។
បើតាមតួលេខដែលបង្ហាញដោយលោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជានិងរុស្ស៊ី សម្រេចបានប្រមាណជាង៤៥លានដុល្លារអាមេរិក ក្នុងរយៈពេល១០ខែ ឆ្នាំ ២០២០នេះ ក្នុងនោះកម្ពុជានាំចេញទៅកាន់សហព័ន្ធរុស្ស៊ីបានជាង៣៨,៧លានដុល្លារ និងនាំចូលពីរុស្ស៊ីវិញប្រមាណជាង៦លានដុល្លារអាមេរិក៕







