ដោយ៖ សាវុធ
អន្តរជាតិ៖ សារព័ត៌មានញូវយ៉កថែមស៍ បានរាយការណ៍នៅថ្ងៃទី២ ខែធ្នូនេះថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោកចូ បៃដិន (Joe Biden) បាននិយាយថា លោកនឹងមិនចាត់វិធានការភ្លាមៗ ដើម្បីលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលប្រធានាធិបតីដូណាល់ត្រាំបានចុះហត្ថលេខាជាមួយប្រទេសចិននោះទេ។
លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតខាងលើថា “ខ្ញុំនឹងមិនចាត់វិធានការភ្លាមៗទេ ហើយការអនុវត្តដូចគ្នាចំពោះពន្ធគយ។ ខ្ញុំនឹងមិនលម្អៀងលើជំរើសរបស់ខ្ញុំទេ”។
ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិនបានយល់ព្រមបង្កើនការទិញផលិតផល និងសេវាកម្មរបស់អាមេរិកយ៉ាងតិច ២០០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ និង២០២១។
កិច្ចព្រមព្រៀងដំណាក់កាលទី១ ដែលបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះ ក៏នឹងបន្សល់នូវការដាក់ពន្ធ ២៥ភាគរយលើទំនិញឧស្សាហកម្ម និងគ្រឿងបន្លាស់ចិនចំនួន២៥០ពាន់លានដុល្លារ ដែលប្រើប្រាស់ដោយក្រុមហ៊ុនផលិតអាមេរិក និងពន្ធសងសឹករបស់ចិនលើទំនិញអាមេរិកមានតម្លៃ ១០០ពាន់លានដុល្លារ។
យោងតាមលោក Biden បានឱ្យដឹងថា យុទ្ធសាស្រ្តល្អបំផុតក្នុងការដោះស្រាយជាមួយចិនគឺត្រូវទទួលយកសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក Biden បានបន្ថែមទៀតថា លោកនឹងបន្តគោលនយោបាយដែលផ្តោតលើ “ការប្រព្រឹត្តបំពាន” របស់ចិន ដែលរួមមាន “ការលួចកម្មសិទ្ធិបញ្ញា ការបោះបង់ចោលផលិតផល ការឧបត្ថម្ភធនខុសច្បាប់ដល់ក្រុមហ៊ុនសាជីវកម្ម” និងការបង្ខំឱ្យផ្ទេរបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិកទៅសមភាគីចិន៕







