រោងចក្រផលិតដែកតម្លៃជិត១៧លានដុល្លារក្នុងខេត្តកំពង់ស្ពឺនឹងចាប់បើកដំណើរការក្នុងខែនេះ

ដោយ៖ សាវុធ

កំពង់ស្ពឺ៖ ក្រុមហ៊ុន Hong De Sheng (Cambodia) Steel Co., បានប្រកាសថា រោងចក្រផលិតដែកតម្លៃ១៦,៧ លានដុល្លាររបស់ខ្លួននៅស្រុកឧដុង្គ ក្នុងខេត្តកំពង់ស្ពឺ នឹងចាប់ផ្តើមប្រតិបត្តិការនៅខែនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន នៅដើមសប្តាហ៍នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ជាមួយលោកកែវរតនៈ អគ្គនាយកក្រុមហ៊ុនអគ្គិសនីកម្ពុជា (EdC) លោក Lin Xiangrong ប្រធានក្រុមហ៊ុន Hong De Sheng Group មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមសាកល្បង និងកែសំរួលឧបករណ៍។

បន្ទាប់ពីសាងសង់អស់មួយឆ្នាំ លោក Lin បាននិយាយថា រោងចក្រនេះនឹងបើកដំណើរការ មុនដំណាច់ឆ្នាំនេះ និងមានសមត្ថភាពផលិតដែកចំនួន ៥០០.០០០ តោនក្នុងមួយឆ្នាំក្នុងដំណាក់កាលដំបូងរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានកត់សម្គាល់ថា ផ្នែកអគ្គិសនីរបស់ក្រុមហ៊ុនបានបញ្ចប់ការដំឡើងការផ្គត់ផ្គង់ថាមពលសម្រាប់រោងចក្រ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ដើម្បីធានាថាផលិតកម្មអាចមានដំណើរការរលូន ដែលអនុញ្ញាតឱ្យមានការចែកចាយ និងលក់នៅទូទាំងប្រទេស។

លោក Lin បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ EdC ដែលបានគាំទ្ររយៈពេលវែងសម្រាប់ក្រុមហ៊ុនរបស់យើង”។

យោងតាមក្រុមហ៊ុន បានឱ្យដឹងថា កាលពីខែកញ្ញាលោកកែវ រតនៈ បានទៅទស្សនារោងចក្រននេះ ហើយបានសន្យាថានឹងផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានច្រើនតាមតម្រូវការ។

ក្នុងជំនួបនោះ លោក បានមានប្រសាសន៍ថា ការចាប់ផ្តើមប្រតិបត្តិការរបស់ក្រុមហ៊ុននឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជា។

លោកបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា យើងអាចទាក់ទាញការវិនិយោគចិនកាន់តែច្រើន និងកសាងអនាគតកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរប្រាកដជានឹងនាំមកនូវអនាគតកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា និងចិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here