កម្ពុជា​បានក្លាយ​ជា​ទិសដៅ​ដ៏​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​មួយ ដែលមាន​ប្រជាជន​ត្រឹមតែ១៦,៥លាន​នាក់ បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង។ ទោះយ៉ាងណា ប្រទេស​កម្ពុជា​គឺជា​ទិសដៅ​ទាក់ទាញ សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) និង​ក្រុមហ៊ុន​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Paytech)។

ប្រជាជន​ជាង​ពាក់កណ្តាល​មាន​អាយុ​ក្រោម២៥ឆ្នាំ ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ស្ថិតក្នុង​ចំណោម​ប្រទេស ដែលមាន​ចំនួន​ប្រជាជន​វ័យក្មេង ច្រើនជាងគេ​នៅលើ​ពិភពលោក។ ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត ដែលមាន​អត្រា​ដល់​ទៅ១២៤% របស់​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា ស្ថិតក្នុង​ចំណោម​ប្រទេស ដែលមាន​អត្រា​ខ្ពស់បំផុត​នៅលើ​ពិភពលោក ហើយ​ការប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​សកម្ម​មាន​ជាង១១លាន​គណនី។

យោងតាម​លោក Manu Rajan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វី​ង​បានឱ្យដឹងថា គណនី​ប្រើប្រាស់​កាបូប​អេឡិចត្រូនិក (ឬ​ហៅថា e-wallet) មាន​ចំនួន​ជាង៥.៥លាន​គណនី បាននិងកំពុង​ដំណើរ​រួចហើយ​នៅក្នុង​ប្រទេស​នេះ ហើយ​កម្ពុជា​ក៏​កំពុងស្ថិត នៅក្នុង​ការឈានទៅរក​វដ្ត​ថ្មី​មួយ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រើប្រាស់​សាច់ប្រាក់ នៅតែមាន​ភាព​ទូលំ​ទូ​លាន​នៅក្នុង​ប្រទេស​កម្ពុជា។ ភាគច្រើន នៃ​ការទូទាត់​ប្រាក់​នៅតែ​ជា​ប្រតិបត្តិ​ការជាក់ស្តែង និង​ដោយផ្ទាល់។ ប៉ុន្តែ​ជាមួយនឹង​ការកើនឡើង​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស វា​គ្រាន់តែ​ត្រូវការ​ពេលវេលា មុនពេល​ផ្លាស់ប្តូរ​ទៅរក​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល។

ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ត្រូវបានធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់ ស្របតាម​និម្មាបនកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​បានរួម​ចំណែក​ស្នូល ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច គាំទ្រ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​បរិ​យាប​ន្ន​សេដ្ឋកិច្ច​និង​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ។

ធនាគារជាតិ​នៃ​កម្ពុជា (NBC)បានឱ្យដឹងថា “ប្រព័ន្ធ​ធនាគារ​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ក្នុង​ប្រតិបត្តិការ ជាពិសេស​សម្រាប់​ការទូទាត់ ដែល​បាន លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​កម្ពុជា​ជា​លំដាប់” ។

ជាក់ស្តែង ប្រជាជន​ពេញវ័យ​ដែល​ទទួលបាន​សេវា ហិរញ្ញវត្ថុ​ផ្លូវការ​កើនឡើង​ដល់​ប្រមាណ​ជាង៧០% ធៀប​នឹង​ពីរ​ទសវត្សរ៍​មុន (តិចជាង​ប្រមាណ ១០% ប៉ុណ្ណោះ)។

កម្ពុជា​ក្លាយជា​ប្រទេស​ដំបូង​គេ ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ដ៏​ទំនើប​ចុងក្រោយ​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការធ្វើ និង​ជម្រុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ពោល​សំដៅ​ការផ្តល់សេវា​ហិរញ្ញវត្ថុ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប។

កាលពី​ចុងខែ​តុលា ឆ្នាំ២០២០ NBC បាន​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ទូទាត់​បាគង ដែលជា​គម្រោង​របស់ NBC ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​រាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល។

គិត​ចាប់ពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ មកដល់​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ចំនួន​សមាជិក​ចូលរួម បាន​កើនឡើង​រហូតដល់១៨(គ្រិះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចំនួន១៦ និង​គ្រិះ​ស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ចំនួន២)។ ទន្ទឹម​នោះ​មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង​គ្រឹះស្ថាន​សេវា​ទូទាត់ សង​ប្រាក់​ប្រមាណ២៤ផ្សេងទៀត បានទទួល​ការអនុញ្ញាត​ជាគោលការណ៍ ចូល​ជា​សមាជិក​ប្រព័ន្ធ​បាគង និង​កំពុង​រៀបចំ​សិក្សា​លក្ខណៈ​បច្ចេកទេស​ត​ភ្ជាប់​ប្រព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here