រដ្ឋាភិបាលឥណ្ឌូនេស៊ីស្នើឱ្យក្រុមហ៊ុនយក្ស Apple និង Google បិទវេទិកា Temu របស់ចិនក្នុងប្រទេសរបស់ខ្លួន

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សApple និងGoogle បិទ​វេទិកា​ពាណិជ្ជកម្មអេឡិចត្រូនិក​ចិន​Temu នៅក្នុង​កម្មវិធី​លក់​App របស់​ខ្លួន​ក្នុងប្រទេ ស​ឥណ្ឌូនេស៊ី ដើម្បី​ការពារ​ក្រុមហ៊ុន​ក្នុងស្រុក ពី​ការ​ប្រកួត​ប្រជែង​ដោយមិន​ស្មើ​ភាព​។

លោក​ Budi Arie Setiadi រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង បាន​ថ្លែងប្រាប់​សារពត៌មាន Reuters ​ថា​ វិធានការ​នេះ​មាន​គោលបំណងការពារសហគ្រាសខ្នាតតូច និងមធ្យមរបស់ប្រទេសឥណ្ឌូនេស៊ី ដែល​អាច​រងផលប៉ះពាល់ធ្ងន់ធ្ងរ ​ដោយ​សារការនាំចូលផលិត​ផល​ថោកៗ​​ពី​ប្រទេសចិន​ តាម​រយៈ​វេទិកា​​អនឡាញ Temu។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជីវកម្មរបស់ក្រុមហ៊ុន Temu​ បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ តាមរយៈការលក់​ទំនិញ​ថោកៗ ​​ចេញ​ពី​រោងចក្រ​នៅក្នុងប្រទេសចិន។ ការណ៍នេះបានបង្ក​ជាក្ដី​បារម្ភ​ សម្រាប់បណ្តាប្រទេស​ជាច្រើន ​នៅ​តំបន់អាស៊ាន ជាពិសេស​ថៃ​ ចំពោះ​លំហូរ​ទំនិញ​ថោកៗពីចិន​ ដែលធ្វើឱ្យសហគ្រាសខ្នាតតូច និងមធ្យម​ក្នុងស្រុក​របស់​ពួកគេពិបាកប្រកួតប្រជែង។

លោក​ Budi លើក​ឡើ​ងថា​ គម្រូអាជីវកម្មរបស់​វេទិកា Temu ជា​ការ​ប្រកួត​ប្រជែង​ដោយមិន​ស្មើភាព​គ្នា​។

លោក​អះអាង​ថា “យើង​បានដើរមកដល់​ចំណុច​នេះ​ មិន​មែន ដើម្បីការពារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនោះទេ។ ប៉ុន្តែយើងការពារសហគ្រាសធុនតូច និងមធ្យម ហើយ​មាន​មនុស្ស​​រាប់​លាន​នាក់ ដែល​យើង​ត្រូវ​តែ​ការពារពួកគេ”។

យ៉ាងណាមិញ ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន​យក្ស Apple និងក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិក ពុំទាន់​បាន​បង្ហាញប្រតិកម្ម ឬការឆ្លើយតបណាមួយ ចំពោះសំណើរខាងលើនេះនៅឡើយ​ទេ​។

ប៉ុន្តែ​ទោះជាយ៉ាងណាក្តី កន្លង​មក​ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ធ្លាប់​បាន​លើក​ឡើង​​ថា​ ខ្លួន​នឹង​ហាម​មិន​ឱ្យ​វេទិកា Temu ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី​ឡើយ។

កាលពីឆ្នាំមុន ប្រទេសឥណ្ឌូនេស៊ី ក៏បានបង្ខំឱ្យប្រព័ន្ធផ្សព្វ ផ្សាយសង្គម TikTok របស់ក្រុមហ៊ុនចិន ByteDance បិទសេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិក នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីការពារពាណិជ្ជករក្នុងស្រុក និងឯកជនភាពនៃទិន្នន័យរបស់អ្នកប្រើប្រាស់។

អស់រយៈពេលប៉ុន្មានខែក្រោយមក បណ្តាញសង្គម TikTok បានសម្រេចចិត្តទិញ ចំណែកភាគហ៊ុនជាច្រើននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូនេស៊ី GoTo’s ដើម្បីបន្តធ្វើអាជីវកម្មនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេ របស់តំបន់អាស៊ានមួយនេះ។

យោងតាមរបាយការណ៍ ដែលចងក្រងដោយក្រុមហ៊ុន Google សហការជាមួយក្រុមហ៊ុនរដ្ឋសិង្ហបុរី Temasek Holdings និងក្រុមហ៊ុនប្រឹក្សាយោបល់ Bain& Co.បានព្យាករ​ណ៍ថា ឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក របស់ឥណ្ឌូនេស៊ីនឹងកើនឡើង ដល់ទំហំទឹកប្រាក់ប្រហែល១៦០ពាន់លានដុល្លារនៅឆ្នាំ២០៣០ បើធៀបនឹងទំហំ៦២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here