ខេត្តកំពតនឹងលេចឡើងនូវតំបន់សេដ្ឋកិច្ចពិសេសពីរទៅ៣ ស្របពេលសម្តេចធិបតីចុះហត្ថលេខារួចហើយ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេលជាង១ឆ្នាំមកនេះ សម្តេចបានចុះហត្ថលេខាបង្កើតតំបន់សេដ្ឋកិច្ចពិសេស២ ឬ៣គម្រោងរួចហើយ ដើម្បីបង្កើតរោងចក្រនៅលើទឹកដីខេត្តកំពត ដោយមានក្រុមហ៊ុនដ៏ធំមួយបានដាក់ទុនវិនិយោគ។

ខណៈក្រុមហ៊ុននេះ គឺបានបណ្តាក់ទុនវិនិយោគ បើករោងចក្រនៅកម្ពុជាចំនួន២រួចទៅហើយនៅលើទឹកដីកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកឡើងបែបនេះ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេច រួមជាមួយលោក វ៉ាង វិនពិន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែ គឺផ្លូវលេខ៣១,៣៣,៤១ ដែលមានតម្លៃ១៨៨លានដុល្លារ។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា “ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តភាគនិរតី មានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ និងជំរុញខេត្ត ដែលមានសក្តានុពលសេដ្ឋកិច្ច ឱ្យកាន់តែសខ្លាំងក្លា និងទាញឱ្យឃើញនូវលទ្ធភាពជាក់ស្តែងនៅលើដី”។ សម្តេចបន្ថែមថា “ការវិនិយោគកន្លងទៅ និងទៅមុខទៀតក្នុងការពង្រឹងខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដែលមានផែនការមេយើងបានអនុវត្តន៍ ហើយឆ្នាំនេះ យើងបានអនុវត្តន៍ជំហានដំបូង យកខេត្តព្រះសីហនុ ជាគោលដើម្បីជំរុញការធ្វើឧស្សាហកម្ម ភស្តុភារកម្មនៅទីនោះ ព្រមទាំងបង្កើតការងារឱ្យបានច្រើនកន្លែង”។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ទៀតថា ប៉ុន្តែមិនមែនត្រឹមតែខេត្តព្រះសីហនុនោះទេ ឥឡូវខេត្តកំពត ខ្ញុំស៊ីញ៉េ (ចុះហត្ថលេខា) ១ឆ្នាំជាងនេះ តំបន់សេដ្ឋកិច្ចពិសេស២ ឬ ៣កន្លែង រួចទៅហើយនៅខេត្តកំពត បានន័យថាសញ្ញានៃការរីកលូតលាស់ នៃខេត្តកំពត មិនត្រឹមតែជាតំបន់ទេសចរណ៍នោះទេ ប៉ុន្តែជាឧស្សាហកម្ម ឥឡូវកំពុងសិក្សាធ្វើផែទឹកជ្រៅ និងការវិនិយោគរាប់ពាន់លានដុល្លារ ដើម្បីបង្កើតអេកូស៊ីសស្ទើម នៃការបង្កើតរោងចក្រមួយ តែខ្ញុំមិនទាន់បញ្ចេញទេ តែកំពុងចរចា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការចរចាជាមួយភាគីអ្នកវិនិយោគ ដើម្បីបង្កើតរោងចក្រនៅខេត្តកំពត គឺដើម្បីផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់កំពង់ផែទឹកជ្រៅ នៅខេត្តកំពត ក្នុងការផលិត ផលិតផលនៅកម្ពុជា ខណៈមានរោងចក្រ២ឬ៣ រួចទៅហើយ បានដាក់ទុនវិនិយោគរួចហើយ ដែលមានទុនវិនិយោគជិត ១ពាន់លានដុល្លារ។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ជាមួយគ្នានឹងការដាក់ទុនវិយោគនៅកម្ពុជា អ្នកវិនិយោគិន មានបំណ​ងដាក់ទុនវិនិយោគ ពង្រីករោងចក្រឱ្យកាន់តែធំបន្ថែមទៀត លើទឹកដីខេត្តកំពត ដើម្បីធ្វើយ៉ាងណាទាញសក្តានុពល ដែលមានស្រាប់នៅកម្ពុជា”។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈស្ថាបនាផ្លូវជាតិប្រទាក់ក្រឡាគ្នាភ្ជាប់ទៅទិសនិរតី ព្រមទាំងការអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ហើយការតភ្ជាប់ព្រែកជីកហ្វូណន-តេជោ នឹងធ្វើឱ្យខេត្តតាកែវ ទៅថ្ងៃមុខខេត្តតាកែវ មិនមែនមានតែបង្កង និងពងទាកូនទៀតនោះទេ ប៉ុន្តែអាចក្លាយជាខេត្តដែលនាំចេញ នូវផលិតផលឧស្សាហកម្ម និងកម្មន្តសាលកាន់តែច្រើនជាដើម។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រដូចការរៀបចំបណ្តាញសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងសរសៃឈាមរបស់មនុស្ស គឺត្រូវតែរត់ទៅគ្រប់កោសិកា ទើបរាងកាយរឹងមាំល្អ។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនអភិវឌ្ឍតែនៅភ្នំពេញនោះទេ គឺត្រូវតែអភិវឌ្ឍនៅគ្រប់ខេត្ត។

ទន្ទឹមនឹងនេះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយអាទិភាពផ្សេងៗ របស់រាជរដ្ឋាភិបាល ទៅដល់វិនិយោគិននានាទាំងក្នុង និងក្រៅប្រទេសគឺបានទាក់ទាញកំណើនវិនិយោគជាច្រើន មកដាក់ការវិនិយោគដោយផ្ទាល់នៅកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្ត ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here