រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ការប្រមូលចំណូលក្នុងត្រីមាសទី៣ថយចុះ តែស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ធ្វើឱ្យការប្រមូលចំណូលរបស់កម្ពុជាមានការថយចុះ នៅក្នុងត្រីមាសទី៣ ក៏ប៉ុន្តែវាស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ នេះបើតាមការលើកឡើងរបស់លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីម្សិលមិញ។

លោកបានមានប្រសាសន៍ថា សមិទ្ធផលគន្លឹះៗនៃផ្នែកទាំង៥នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងត្រីមាសទី៣នេះមានវឌ្ឍនភាពគួរឱ្យកត់ សម្គាល់រួមមានជាអាទិ៍ ការប្រមូលចំណូលមានការថមថយ ប៉ុន្តែស្ថិតក្នុងភាពអាចគ្រប់គ្រងបានជាក់ស្តែងការអនុវត្តចំណូលក្នុងស្រុកដែល រួមមានចំណូលចរន្ត និង ចំណូលមូលធន សម្រេចបាន ៦៣ភាគរយ ធៀបនឹងច្បាប់ ដែលមានទំហំទឹកប្រាក់ប្រមាណ ១៦ ៤៥៤ ប៊ីលានរៀល។

លោកបានថ្លែងទៀតថា រីឯចំណាយក្នុងរយៈពេល៩ខែមកនេះ ស្ថិតក្នុងកម្រិតល្អប្រសើរបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ បើទោះបីជាឆ្នាំនេះមានការធ្វើវិចារណកម្មថវិកាចំនួន២លើកក៏ដោយ ជាក់ស្តែងចំណាយថវិកាជាតិសម្រេចបាន៥៦ភាគរយ គិតត្រឹមត្រីមាសទី៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា វឌ្ឍនភាពនេះបានឆ្លុះបង្ហាញពីភាពជឿទុកចិត្តនៃថវិកា និងការឆ្លុះបញ្ចាំងពីការរក្សាបាននូវវិន័យនៃការអនុវត្តថវិកា ។ ជាមួយគ្នានេះ ការកសាងនិងកែលម្អប្រព័ន្ធ, ការពង្រឹងការអនុវត្តថវិកាកម្មវិធី និងការកសាងមូលដ្ឋានសមិទ្ធកម្មសម្រាប់ដំណាក់កាលបន្ទាប់ជាបណ្តើរៗ ក៏នៅបន្តមានវឌ្ឍនភាពល្អប្រសើរផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលនៃវិបត្តិកូវីដ១៩នេះ កិច្ចការកែទម្រង់ខ្លះ ក៏បានផ្អាក ឬផ្លាស់ប្តូរយន្តការថ្មីផងដែរជាពិសេសគឺកិច្ចការពាក់ព័ន្ធនឹងការកសាងសមត្ថភាពមន្ត្រីរាជការ ការចុះបេសកកម្ម និងការផ្សព្វផ្សាយនានាជាដើម ហើយបានប្រើប្រាស់វិធីសាស្ត្រតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបជំនួសវិញ ។

លោក បានបន្ថែមថា ក្នុងកាលៈទេសៈនេះ គឺបង្កឱ្យគ្រប់អង្គភាព ក្រសួងស្ថាប័ន សម្របខ្លួនទៅនឹងវិបត្តិ និងប្រើប្រាស់នូវគំនិតច្នៃប្រឌិតខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកើតមាន ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here