ដោយ៖ សាវុធ
អន្តរជាតិ៖ ប្រទេសចិន បានដាក់ចេញនូវច្បាប់ថ្មីយ៉ាងតឹងរឹង ដែលរឹតត្បិតការនាំចេញទំនិញឱ្យស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងម៉ត់ចត់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
ច្បាប់នេះ ផ្តោតសំខាន់លើការនាំចេញបច្ចេកវិទ្យាយោធា និងផលិតផលផ្សេងទៀត ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ចិន។
ការគ្រប់គ្រងការនាំចេញ ត្រូវបានគេជឿថាជាការឆ្លើយតបទៅនឹងសកម្មភាពស្រដៀងគ្នារបស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុន TikTok ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Tencent ស្ថិតក្នុងចំណោមអ្នករងគ្រោះនៃការបង្ក្រាបបច្ចេកវិទ្យាចិនរបស់ទីក្រុងវ៉ាស៊ីនតោន។
ការព្រួយបារម្ភអំពីច្បាប់ថ្មីនេះ ដែលបានចូលជាធរមានកាលពីថ្ងៃអង្គារ អាចបង្កើនភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។
ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ បានចាប់ផ្តើមក្នុងឆ្នាំ២០១៨ ហើយបានកើនឡើងកាន់តែខ្លាំងនៅឆ្នាំនេះ។
រដ្ឋបាលរបស់ប្រធានាធិបតីលោកដូណាល់ ត្រាំ បានដាក់ចេញបទបញ្ជាប្រតិបត្តិប្រឆាំងនឹងក្រុមហ៊ុនចិនមួយចំនួន ដោយបានអះអាងថា ក្រុមហ៊ុនទាំងនេះអាចចែករំលែកទិន្នន័យជាមួយរដ្ឋាភិបាលចិន។
លោក Alex Capri សាស្ត្រាចារនៅសាកលវិទ្យាល័យជាតិសិង្ហបុរី បានថ្លែងថា ច្បាប់នាំចេញថ្មីរបស់ប្រទេសចិនគឺជាប្រតិកម្មតបទៅនឹងការកើតឡើងនៃសង្គ្រាមបច្ចេកវិទ្យានេះ ហើយប្រទេសចិនកំពុងព្យាយាមគ្រប់គ្រងគុណប្រយោជន៍របស់ខ្លួន។
លោក Capri បានថ្លែងទៅកាន់សារព័ត៌មាន BBC ថា “រឿងផ្សេងទៀត ដែលខ្ញុំចាប់អារម្មណ៍ គឺប្រទេសចិនបានដាក់បច្ចេកវិទ្យា AI និង Algorithms នៅក្រោមការគ្រប់គ្រងនាំចេញទាំងនេះ#។
លោក បានបន្ថែមទៀតថា “បញ្ហានេះត្រូវបានជំរុញ ដោយការហាមឃាត់របស់សហរដ្ឋអាមេរិកលើកម្មវិធី TikTok ។ រដ្ឋាភិបាលចិន មិនចង់ចែករំលែកនូវបច្ចេកវិទ្យា AI នេះទេ”។
លោក Capri ជឿជាក់ថា សង្គ្រាមពាណិជ្ជកម្ម ដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងចិន នឹងបន្តរហូតដល់អាណត្តិរបស់លោក Joe Biden។ លោកបានមានប្រសាសន៍ថា “យើងកំពុងស្ថិតក្នុងសង្រ្គាមត្រជាក់ជាមួយប្រទេសចិន វាគឺជាសង្គ្រាមត្រជាក់បច្ចេកវិទ្យា”៕







