អ្នកជំនាញចូលរួមផ្សព្វផ្សាយពីការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ អ្នកពាក់ព័ន្ធ​សំខាន់ៗ ​មក​ពី​ស្ថាប័ន​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ធនាគារ មីក្រូ​ហិរញ្ញវត្ថុ និង​ហិរញ្ញវត្ថុ​របស់​កម្ពុជាបានបើកសិក្ខា​សាលា​ស្តីពី ​ការ​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង “ការ​ពង្រឹង​សុវត្ថិភាព​ហិរញ្ញ​វត្ថុ​ក្នុង​សហគមន៍”។

គំនិត​ផ្តួចផ្តើម​នេះ​រៀបចំ​ឡើង ​ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ការពារ​អតិថិជន ​ដែលបង្កើត​និរន្ដរភាព​ ដល់​សហគមន៍​មូលដ្ឋាន ​ដោយ​ផ្ដល់​ឱ្យ​បុគ្គល​ម្នាក់ៗ​នូវ​បំណិន​ជីវិត ​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​ផ្ទាល់ខ្លួន​ និង​គ្រួសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការ​ផ្ដោត​​លើ​ការអប់រំ​សហគមន៍​ជនបទ​អំពី​សិទ្ធិ និង​ការ​ទទួល​​ខុសត្រូវ​ ផ្នែក​ហិរញ្ញវត្ថុ​ដើរ​តួនាទី​យ៉ាងសំខាន់ ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ ​នៃ​ការ​ក្លែងបន្លំ និង​ជួយ​ពួកគេ​ចៀសវាង​ការធ្លាក់​ចូល​ទៅ​ក្នុង​បំណុល​ច្រើនពេក​។​

លោកស្រី ឌិ​ត នី​តា ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់ ​នៃ​ការរៀបចំ​ប្រជាជន​ក្នុងស្រុក​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។​

លោកស្រី​បានថ្លែងថា​ “គម្រោង​នេះ​ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ​ក្នុងការ​បង្កើន​បំ​ណិ​ន​ជីវិត​ក្នុងការ​គ្រប់គ្រង ​ចាត់​ចែង​លុយកាក់​ក្នុង​ក្រុមគ្រួសារ ជួយ​ឱ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​យល់ដឹង​ពី​សិទ្ធិ ​និង​កាតព្វកិច្ច​របស់ខ្លួន​ពាក់ព័ន្ធ​នឹង​កម្ចី និង​ចៀស​ផុតពី​ការចាញ់បោក ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ប្រការ​ណាមួយ ឬ​ជួយ​បញ្ចៀស​នូវ​បំណុល​ច្រើន​លើសលប់”។​

លោកស្រី ​នី​តា បាន​បន្ថែមថា តាមរយៈ​ការពង្រឹង​ចំណេះដឹង​​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកដឹកនាំ​សហគមន៍ គំនិត​ផ្តួចផ្តើម​បង្កើត​នូវ​ឥទ្ធិពល ​នៃ​ការចែករំលែក​ចំណេះដឹង ដោយ​ធា​នាថា សូម្បីតែ​សហគមន៍​ដាច់ស្រយាល​បំផុត ​ក៏​អាច​ទទួលបាន​ការអនុវត្ត​ហិរញ្ញវត្ថុ ​ប្រកបដោយ​សុវត្ថិភាព​ផងដែរ​។​

សិក្ខាសាលា​នេះ​ ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សិក្សា​បច្ចេក​ទេស​ធនាគារ ក្រោម​អធិបតីភាព​លោក យឹម លាត ទេសា​ភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា និង​មានការ​ចូលរួម​ពី​ឥស្សរជន​​មកពី​វិស័យ​ហិរញ្ញវត្ថុ​នានា​។​

លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​សម្ដែង​ការ​សាទរ ​ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុងការ​អនុវត្ត​សាកល្បង​នៃ​គម្រោង​នេះ​ ដែល​បាន​លើកកម្ពស់​ធុរកិច្ច​ធនាគារ ​ប្រកបដោយ​ការទទួល​ខុសត្រូវ និង​ការលើកកម្ពស់​កិច្ចការពារ​អ្នក​ប្រើប្រាស់ ព្រមទាំង​ការអបរំ​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ គឺជា​របៀបវារៈ​ស្នូល​របស់​សមាគម​ធនាគារ ​នៅ​កម្ពុជា ព្រមទាំង​សមាជិក​របស់ខ្លួន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here