ដោយ៖ លក្ខិណា
ភ្នំពេញ៖ រហូតមកដល់ចុងឆ្នាំ២០២០នេះ ជំងឺរាតត្បាតកូវីដ១៩នៅតែបន្តញាំញីមនុស្សជាតិលើសកលលោក ហើយកម្ពុជាក៏ទទួលរងនូវឥទ្ធិពលនៃវិបតិ្តនេះដែរ តាំងពីវាបានចាប់ផ្ដើមរកឃើញនៅក្នុងប្រទេសកម្ពុជាដំបូងម្ល៉េះ ខណៈប្រតិបត្តិករក្នុងវិស័យមួយចំនួន អំពាវនាវឱ្យប្រជាជនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់វិបត្តិមួយនេះ។
ជាការកត់សម្គាល់ អាជីវកម្ម និងសកម្មភាពផ្សេងៗមួយចំនួនត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែច្រើន ខណៈការចម្លងសហគមន៍នៃជំងឺនេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសជាផ្លូវកាលពីថ្ងៃទី២៨ ខែមុននេះ។
បើតាមអ្នកស្រីក្លេខៃ ចិន្ដាប្រធានសមាគមសណ្ឋាគារកម្ពុជា បានលើកឡើងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះថា បើសិនជាជំងឺនេះនៅតែបន្តកើតមានលើប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា និងមិនទាន់មានថ្នាំព្យាបាល វិបត្តិទាំងឡាយនៅតែបន្តកើតមានដដែល ជាក់ស្ដែងសម្រាប់វិស័យសណ្ឋាគារវាបានប៉ះពាល់តាំងពីដំបូងរហូតមកដល់ពេលនេះ ព្រោះថាសណ្ឋាគារធំៗនៅកម្ពុជាពឹងលើភ្ញៀវទេសចរបរទេស ហើយចាប់តាំងពីដើមឆ្នាំមកភ្ញៀវទេសចរបរទេសស្ទើរតែលែងមានទៅហើយ ព្រោះតែការរឹតត្បិតការធ្វើដំណើរពីសំណាក់ប្រទេសនីមួយៗ។
អ្នកស្រីបន្តថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅកម្ពុជា វារឹតបង្ហាញសញ្ញាអាក្រក់ ក្រោយពេលមានការឆ្លងក្នុងសហគមន៍ ខណៈកន្លងមកកូវីដ១៩សុទ្ធតែជាករណីនាំចូលពីខាងក្រៅ ដូច្នេះបើសិនជាការចម្លងកាន់តែធ្ងន់វិបត្តិក៏កាន់តែធ្ងន់ ដោយសារតែការបិទ នូវអាជីវកម្មមួយចំនួនដើម្បីការពារការឆ្លងបន្ថែមទៀត។
អ្នកស្រីបន្ថែមថា អ្វីដែលពលរដ្ឋទាំងអស់ត្រូវធ្វើនៅពេលនេះ គឺស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានទាំងអស់គ្នាដើម្បីបញ្ឈប់ការឆ្លងជំងឺនេះ ហើយអាចឱ្យសេដ្ឋកិច្ចជាតិបានប្រសើរឡើងវិញ តាមរយៈការដាក់ដំណើរការនូវអាជីវកម្មទាំងឡាយដែលបានបិទ។ បើសិនជាពលរដ្ឋនៅតែមិនស្ដាប់មិនអនុវត្តន៍នោះហានិភ័យវានឹងកើតមានកើនឡើងកាន់តែធ្ងន់ថែមទៀត។
បើតាមលោក សំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលវិញក៏បានលើកឡើងថា វិបត្តិអចលនទ្រព្យបានកើតឡើងក្នុងឆ្នាំ២០២០នេះ គឺមិនធ្លាប់មានពីមុននោះទេ តែយ៉ាងណាក្ដីបើធៀបនឹងប្រទេសជិតខាង កម្ពុជានៅតែមានការទិញលក់គ្រាន់តែថាការទិញលក់មានការធ្លាក់ចុះខ្លាំង ធៀបនឹងមុនកូវីដ១៩ ហើយការផ្ដល់កម្ចីទៅលើវិស័យនេះក៏មានច្រើនដែរខុសពីប្រទេសមួយចំនួនគឺស្ងប់ស្ងាត់តែម្ដង ។
សម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ២០២០នេះ រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាប្រមាណជាង១ពាន់លានរៀលដើម្បីជួយដោះស្រាយហិរញ្ញវត្ថុពលរដ្ឋក្រីក្រធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយក្នុងពលរដ្ឋក្រីក្រម្នាក់នឹងទទួលបាន២ម៉ឺនរៀល។ សម្រាប់ព្រឹត្តិការណ៍នេះដែរ មកដល់ថ្ងៃទី០១ ធ្នូ ២០២០ ក្រសួងសុខាភិបាលរកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១៧នាក់ និងកំពុងតាមរកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជាច្រើននាក់ទៀត៕







