CBC បានដាក់ចេញកម្មវិធីទូរស័ព្ទដៃដំបូងបំផុតនៅកម្ពុជាដើម្បីឱ្យអ្នកប្រើប្រាស់ពិនិត្យពិន្ទុឥណទានរបស់ខ្លួន

ដោយ៖ សាវុធ

ភ្នំពេញ៖ ជាផ្នែកមួយនៃបេសកម្មក្នុងការដាក់សេវាកម្មបម្រើអតិថិជនជាប្រព័ន្ធឌីជីថល ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការឥណទាន និងទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទាន។

នេះជាលើកដំបូងបំផុតដែល ប្រទេសកម្ពុជានឹងមានវេទិកាប្រព័ន្ធឌីជីថលបែបរួមបញ្ចូលមួយ ដែលជំរុញអោយមានពិនិត្យសុខភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យឥណទាន និងអក្ខរកម្មហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CBC ចេញផ្សាយកាលពីថ្ងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាមួយនឹងកម្មវិធីទូរស័ព្ទ “CBC MOBILE” ការិយាល័យឥណទាននៅកម្ពុជា កំពុងព្យាយាមបំពេញអ្វីដែលកំពុងមានចន្លោះក្នុងវិស័យ ផ្នែកហិរញ្ញវត្ថុ និងឥណទានដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីចុះឈ្មោះនៅក្នុងកម្មវិធីនេះ ដែលមានលើប្រព័ន្ធ iOS និង Android អ្នកប្រើប្រាស់ ដែលមានប្រវត្តិខាងធ្វើការកម្ចីអាចពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការឥណទាន និង ទទួលបាននូវទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទានភា្លមៗ។

លោកអឿ សុធារ័ត្នប្រធាននាយកប្រិត្តិបត្តិរបស់ការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៏ថា “ការផ្តល់ជូនប្រជាជនកម្ពុជានូវចំណេះដឹងនៃពត៌មានខាងឥណទានដែលមានភាពសុក្រឹត និងទាន់ពេលវេលា គឺជាជំហានមួយដ៏សំខាន់ក្នុងការវិវឌ្ឍន៍ និងពង្រឹងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា”។

លោកបានបន្តថា “របាយការត្រីមាសចុងក្រោយបំផុតរបស់យើងបានបង្ហាញថា កម្ចីទិញផ្ទះកើនឡើងដល់១៨ភាគរយ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់ ៤.៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅចុងខែកញ្ញានាឆ្នាំនេះ។

លោក បានថ្លែងថា “ដូច្នេះហើយ យើងត្រូវប្រាកដថា នៅពេលដែលប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានភាពចល័តខាងសេដ្ឋកិច្ច និងការខ្ចីប្រាក់កាន់តែច្រើន ដើម្បីបង្កើនផលប័ត្រទ្រព្យសម្បត្តិ ពួកគេក៏ត្រូវបានផ្តល់ជូននូវឧបករណ៍ដើម្បីគ្រប់គ្រងឥណទានរបស់ពួកគេដែលប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់កម្ចី។ កម្មវិធីទូរស័ព្ទ “CBC MOBILE” មានតួនាទីជំរុញការរីកចម្រើនប្រកប ដោយស្ថេរភាព និងចីរភាពតាមរយៈតម្លាភាព”។

ដើម្បីធ្វើការចុះឈ្មោះ អ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះមក រួចធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនតាមរយៈនីតិវិធីធម្មតាមួយ។ បន្ទាប់មកពួកគេអាចទទួលបាននូវសេវាកម្មជាច្រើនរបស់កម្មវិធីទូរស័ព្ទដៃនេះ ដែលរួមមាន “របាយការណ៍ខ្ញុំ” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាច ស្នើសុំរបាយការណ៍ឥណទានរបស់ពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងព្រមទាំងតាមដានប្រវត្តិឥណទានរបស់ពួកគេជាមួយស្ថាប័នហិរញ្ញវត្ថុទាំងអស់ផងដែរ។

ជាមួយនឹងសេវាកម្ម “តាមដានឥណទានរបស់ខ្ញុំ” អ្នកប្រើប្រាស់អាចទទួលការជូនដំណឹងជាសារតាមពេលវេលាជាក់ស្តែងទៅលើសកម្មភាពប្រាក់កម្ចីរបស់ពួកគេដូចជា ការស្នើសុំធ្វើប្រាក់កម្ចីថ្មី ការទូទាត់ប្រាក់ទាន់ពេលវេលា និងការខកខាននៃការបង់ប្រាក់ជាដើម។

លើសពីនេះទៀតជាមួយ “ខេ ស្ករ” អ្នកប្រើប្រាស់អាចធ្វើការត្រួតពិនិត្យពិន្ទុឥណទានរបស់ពួកគេបានដោយផ្ទាល់ ដើម្បីជាភាពងាយស្រួលសម្រាប់ពួកគេក្នុងការវាស់សក្តានុភាពនៃហានិភ័យឥណទាន និងលទ្ធភាពនៃការមិនបង់ប្រាក់។ មុនពេលដែលមានកម្មវិធីទូរស័ព្ទដៃ “CBC MOBILE” មានតែអ្នកឱ្យខ្ចីប្រាក់ប៉ុណ្ណោះអាចទទួលបានព័ត៌មានអំពីពិន្ទុឥណទានរបស់អ្នកខ្ចី។

ជាមួយនឹងភាពងាយស្រួលនៃការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ “CBC MOBILE” សង្ឃឹមថាអ្នកប្រើប្រាស់នឹងអាចរក្សាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ និងទម្លាប់ល្អក្នុងការគ្រប់គ្រងឥណទាន ការរៀបចំចាប់យកឱកាសនៃហិរញ្ញវត្ថុ និងបង្ហាញពីឥណទានរបស់ខ្លួន ពង្រឹងអំណាចក្នុងការចរចារបស់ពួកគេ ខណៈពេលដែលមានការកែលម្អភាពត្រឹមត្រូវនៃព័ត៌មានឥណទានរបស់ពួកគេតាមរយៈសេវាកម្មដោះស្រាយជម្លោះតាមប្រព័ន្ធអ៊ីនធឺណិត។

កម្មវិធីនេះក៏ផ្តល់ជូននូវសម្ភារៈសម្រាប់សិក្សា និងធនធានស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានថ្មីៗពីទីផ្សារឥណទាន និងនិន្នាការដែលកំពុងមានភាពពេញនិយមក្នុងវិស័យហិរញ្ញវត្ថុផងដែរ។

អ្នកប្រើប្រាស់ដែលមានសញ្ជាតិកម្ពុជាអាចទទួលបានរបាយការណ៍ឥណទានមួយឆ្នាំមួយដងដោយឥតគិតថ្លៃ។ សម្រាប់របាយការណ៍ឥណទាន និងសេវាកម្មជាវបន្ថែមផ្សេងទៀត នឹងតម្រូវអោយមានការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើ វីសាកាត (Visa) ម៉ាស្ទ័រកាត (MasterCard), JCB, UnionPay ឬDCIកាត។ ស៊ីប៊ីស៊ី ក៏គ្រោងនឹងដាក់បញ្ចូលសេវាទូទាត់បាគងទៅក្នុងកម្មវិធីទូរស័ព្ទរបស់ពួកគេដើម្បីជួយសម្រួលដល់ប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុជាច្រើន ជាមួយការទូទាត់ប្រតិបត្តិការជាប្រាក់រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here