ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋបាលរបស់លោក Donald Trump ត្រៀមដាក់បន្ថែមក្រុមហ៊ុនផលិតឈីបឈានមុខគេរបស់ចិនSMIC និងក្រុមហ៊ុនផលិតប្រេងនិងឧស្ម័នក្នុងសមុទ្រ CNOOC ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយចោទប្រកាន់ថាជាក្រុមហ៊ុនយោធាចិន។ នេះបើយោងតាមឯកសារ និងប្រភពមួយចេញផ្សាយកាលពីថ្មីៗនេះ។

ការដាក់ក្រុមហ៊ុនទាំងពីរនេះក្នុងបញ្ជីខ្មៅនេះ នឹងរារាំងក្រុមហ៊ុនទាំងពីមិនឱ្យមានទំនាក់ទំនងទិញលក់ជាមួយវិនិយោគិនអាមេរិក ហើយថែមទាំងបង្កើនភាពតានតឹង ជាមួយទីក្រុងប៉េកាំង នៅប៉ុន្មានសប្តាហ៍មុន ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅដើមខែនេះថា ក្រសួងការពារជាតិអាមេរិក គ្រោងនឹងកំណត់ក្រុមហ៊ុនចិនចំនួន៤ទៀត ដែលជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយោធាចិន ដែលនាំឱ្យមានការរងផលប៉ះពាល់ដល់ក្រុមហ៊ុនចំនួន៣៥ ។
យោងតាមឯកសារ និងប្រភពខាងលើបានឱ្យដឹងថា បញ្ជីខ្មៅនេមានបច្ចេកវិទ្យាសំណង់ចិន និងក្រុមហ៊ុនប្រឹក្សាវិស្វកម្មអន្តរជាតិចិន ដោយបន្ថែមលើសាជីវកម្មអេឡិចត្រូនិកអន្តរជាតិ (SMIC) និងក្រុមហ៊ុនប្រេងជាតិចិន (CNOOC)។
ក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ការធ្វើឡើងដូច្នេះ រួមជាមួយនឹងគោលនយោបាយស្រដៀងគ្នានេះ ត្រូវបានគេមើលឃើញថា អាមេរិកកំពុងព្យាយាមពង្រឹងជំហរប្រឆាំងចិន របស់ប្រធានាធិបតីលោកដូណាល់ ត្រាំ និងដើម្បីធ្វើឱ្យលោកBiden ចូលមកក្នុងជំហរប្រកាន់ជំហរនេះ ដើម្បីទប់ទល់នឹងក្រុងប៉េកាំង។
បញ្ជីខ្មៅនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដ៏ធំទូលាយរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីកំណត់នូវអ្វីដែលខ្លួនគិតថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើសមាហរណកម្មសាជីវកម្ម ដើម្បីប្រើប្រាស់បច្ចេកវិទ្យាស៊ីវិល ដែលកំពុងរីកចម្រើន សម្រាប់គោលបំណងយោធា។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋបាលលោកTrump នឹងប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ចិន និងក្រុមហ៊ុនដទៃទៀតចំនួន៨៩ ដែលមានទំនាក់ទំនងយោធា ត្រូវបានដាក់កម្រិតពួកគេពីការទិញទំនិញ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក៕







