សម្តេចតេជោ៖ គម្រោងសាងសង់ផ្លូវ៣៨ខ្សែ នឹងធ្វើឱ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប

ដោយ៖ ម៉ាណេត

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ។

សម្តេចតេជោ មានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អំឡុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ បានថ្លែងថា “តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ”។

សម្តេចតេជោ បានថ្លែងទៀតថា ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូសេដ្ឋកិច្ចសំខាន់បីរបស់ប្រទេសកម្ពុជា គឺក្រុងសៀមរាបអង្គរ ដែលជាដែនដីទេសចរណ៍ដ៏មានមានសក្តានុពលរបស់កម្ពុជា។

សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ច៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺពោលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២គឺពោលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ គឺពោលសេដ្ឋកិច្ច នៃខេត្តសៀមរាបនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលនៅឆ្នាំក្រោយនេះ និងបានឃើញផ្លូវស្អាត ជាពិសេសខេត្តសៀមរាបនេះនឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញបន្ទាប់ពីបញ្ហាកូវីដត្រូវបានបញ្ចប់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here