សេដ្ឋវិទូ៖ កូវីដ១៩ ធ្វើឱ្យកម្ពុជារៀនសូត្របានច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅអនាគត

ដោយ៖ លក្ខិណា
ភ្នំពេញ៖ វិបត្តិកូវីដ១៩ បានជំរុញឱ្យប្រទេសកម្ពុជា ក៏ដូជាពិភពលោកទទួលរងនូវវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅនេះ។

វិបត្តិកូវីដ១៩ ក៏បានធ្វើឱ្យមនុស្សជាតិប្រែរបត់នៃការរស់នៅបែបនេះ ហើយវាក៏បានបង្រៀនដល់ប្រទេសនានារួមទាំងកម្ពុជាផងដែរ ពីការធ្វើពិពិធកម្មតាមវិស័យមួយចំនួននិងជាបទពិសោធន៍ថ្មី មួយសម្រាប់អនុវត្តន៍នៅពេលអនាគត ។

បើតាមលោកម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថាកូវីដ ១៩ ធ្វើឱ្យកម្ពុជារៀនសូត្របានច្រើនបន្ថែមទៀត ដើម្បីជាមេរៀនទុកសម្រាប់អភិវឌ្ឍន៍នៅពេលខាងមុខ។ ជាការកត់សម្គាល់ មុនកូវីដ១៩ការសិក្សាតាមប្រព័ន្ធអ៊ីនធើណេត ការធ្វើប្រជុំ ការធ្វើជំនួញតាមប្រព័ន្ធអ៊ីធើណេតមិនសូវមានប៉ុន្មានទេ ក៏ប៉ុន្តែនៅពេលកូវីដមកដល់ភ្លាម កិច្ចការទាំងនោះ ត្រូវធ្វើឡើងភ្លាមហើយត្រូវផ្លាស់ប្តូរលឿន ដោយសាលាជាច្រើនត្រូវឱ្យសិស្សរៀនតាមអនឡាញ ហើយលោកជឿថានៅពេលចប់កូវីដ១៩ ការអភិវឌ្ឍបច្ចេកវិទ្យានៅតែបន្តនិងកាន់តែរីកចម្រើនថែមទៀតផង។

លោកបន្តថានៅលើពិភពលោកនេះ មិនមានប្រទេសណាមួយគេចផុតពីវិបត្តិកូវីដ១៩នោះទេ គ្រាន់តែប៉ះតិចនិងប៉ះច្រើនតែប៉ុណ្ណោះ។ កម្ពុជាក៏រងផលប៉ះពាល់ពីកូវីដ១៩នេះដែរ ដោយដំបូងធនាគារអន្តរជាតពីរបានព្យាករណ៍សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះខ្លាំង ប៉ុន្តែបានព្យាករណ៍ជាថ្មី ដោយមានកំណើនបន្តិចវិញ តែស្ថិតក្នុងតួលេខអវិជ្ជមានដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែម ការព្យាករណ៍សេដ្ឋកិច្ចរបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍គឺដូចជាការទស្សន៍ទាយអញ្ចឹងដែរ ហើយបើសិនជាគេទស្សន៍ទាយហើយ យើងមិនខំប្រឹងនោះការសម្រេចតាមការទស្សន៍ទាយវាមិនប្រាកថាបាននោះទេ។ ដូចគ្នានេះដែរ ស្ថាប័នអន្តរជាតិទាំងពីរដែលបានទស្សន៍ទាយសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញបន្តិចនេះ គឺគេក៏ពឹងផ្អែកទៅលើឯកសារនិងតួលេខមួយចំនួនរបស់រដ្ឋាភិបាល ដែលផ្ដល់ជូនដែរ។

សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២០នេះ ត្រូវបានធនាគារអន្តរជាតិពីរនៅកម្ពុជា ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ថានឹងងើបឡើងវិញបន្តិចក្នុងកំណើនអវិជ្ជមានដដែលក្នុងឆ្នាំ ២០២០នេះ ហើយនឹងងើបឡើងជាវិជ្ជមានវិញ នៅក្នុងឆ្នាំ ២០២១ខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here