ធនាគារ ADB សម្រេចផ្ដល់កម្ចី៧០លានដុល្លារដល់កម្ពុជាពង្រឹងវិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារ

ដោយ ៖ លក្ខិណា

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា ធនាគារបានផ្ដល់កម្ចី៧០លានដុល្លារ ដើម្បីពង្រឹងវិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារ។ ទឹកប្រាក់នេះ នឹងពង្រឹងសមត្ថភាពកសិពាណិជ្ជកម្មនៅក្នុងខេត្តចំនួន៦សម្រាប់កែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រេ ។

សេចក្តីប្រកាសដដែលនេះបានឱ្យដឹងថា គម្រោងពង្រឹងការប្រកួតប្រជែងខ្សែសង្វាក់តម្លៃ និងសមត្ថភាពក្នុងវិស័យកសិកម្មនេះ មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហករណ៍កសិកម្មចំនួន២៣០ និងសហគ្រាសកសិកម្មចំនួន៥០ស្ថិតក្នុងខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តត្បូងឃ្មុំ ។

លោក Takeshi Ueda សេដ្ឋវិទូជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្ម បានមានប្រសាសន៍ថា កសិកម្មអាចចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ប្រសិនបើសហគ្រាសកសិកម្មធុនតូច និងមធ្យមអាចបង្កើនសមត្ថភាពរបស់ពួកគេក្នុងការកែច្នៃផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុង និងក្រៅប្រទេស ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជាបញ្ចេញសក្តានុពលរបស់ខ្លួន បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីជនបទ”។

បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧៦% រស់នៅតាមតំបន់ជនបទ ក្នុងនោះកសិកម្មបានរួមចំណែក ២០,៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានរួមចំណែកដល់ការងារសរុប ៣១,២% ក្នុងឆ្នាំ២០១៩ ។
គម្រោងឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នឹងជួយសម្រួលដល់ការទទួលបានឥណទានសម្រាប់កសិកម្ម និងកសិពាណិជ្ជកម្ម ដែលកំពុងទទួលបានតែប្រមាណ១០% នៃហិរញ្ញប្បទានផ្លូវការសរុប។ គម្រោងនេះនឹងអនុវត្តប្រភេទហិរញ្ញវត្ថុ ដែលគាំទ្រគ្នាទៅវិញទៅមក រួមមានដូចជា ការផ្តល់ឥណទាន និងការធានាឥណទានជាដើម។

បើតាម ADB បានបញ្ជាក់គម្រោងនេះនឹងគាំទ្រគំនិតផ្តួចផ្តើម ដើម្បីពង្រឹងសុវត្ថិភាព និងគុណភាពស្បៀងអាហារក្នុងខ្សែសង្វាក់តម្លៃសម្រាប់ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងសាច់មាន់ស្រែ។ វានឹងជួយឱ្យសហករណ៍កសិកម្ម អនុវត្តសកម្មភាពកសិកម្មបានល្អ និងធ្វើឱ្យប្រសើរនូវមន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ ដើម្បីទទួលបានការទទួលស្គាល់ជាអន្តរជាតិ។

គម្រោងនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍគ្រាប់ពូជ និងពូជបក្សីចញ្ចឹម ដោយជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជ ផ្តល់ទិន្នផលខ្ពស់ ធន់នឹងគ្រោះរាំងស្ងួត ធន់នឹងជំងឺ ក៏ដូចជាការគាំទ្រសម្ភារៈដាំដុះផ្សេងទៀត។ លើសពីនេះទៀត គម្រោងនេះនឹងជួយកែលម្អផ្លូវជនបទប្រវែង១១០គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោង។
គម្រោងនេះដែរ នឹងសាកល្បងនូវយន្តការហិរញ្ញប្បទានបៃតង ដែលគាំទ្រដោយប្រាក់កម្ចីចំនួន៥លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund)។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងគ្រប់គ្រងប្រាក់កម្ចី២៥លានដុល្លារពីទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (Agence Française de Développement) និងជំនួយ៣លានដុល្លារពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here