សេដ្ឋវិទូ: តំបន់អឺរ៉ុបត្រូវប្រថុយហានិភ័យប្តូរទិសដៅដើម្បីទាញសេដ្ឋកិច្ចចេញពីបញ្ហាជាប់គាំងបច្ចុប្បន្ន

សេដ្ឋវិទូ: តំបន់អឺរ៉ុបត្រូវប្រថុយហានិភ័យប្តូរទិសដៅដើម្បីទាញសេដ្ឋកិច្ចចេញពីបញ្ហាជាប់គាំងបច្ចុប្បន្ន

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់អឺរ៉ុបកំពុងទទួលរងឱនភាព ផ្នែកនវានុវត្តន៍ និងផលិតភាពធ្លាក់ចុះ ហើយលុះត្រាតែអឺរ៉ុបហ៊ានប្រថុយផ្លាស់ប្តូរទិសដៅ ទើបសេដ្ឋកិច្ចរួចផុតពីការជាប់គាំង។ នេះបើយោងតាមលោក Michael Spence ម្ចាស់ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចមួយរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋវិទូល្បីឈ្មោះរូបនេះ បានលើកឡើងថា កំណើនផលិតភាពរយៈពេលវែង ក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ពឹងអាស្រ័យលើការផ្លាស់ប្តូររចនាសម្ព័ន្ធ ជាពិសេសការច្នៃប្រឌិតបច្ចេកវិទ្យា។

លោកបានបន្តថា “នវានុវត្តន៍ជាបញ្ហាចម្បងរបស់អឺរ៉ុប។ តួយ៉ាង សហរដ្ឋអាមេរិក និងប្រទេសចិន កំពុងដើរលឿនជាងអឺរ៉ុបនៅក្នុងវិស័យជាច្រើន ដូចជាបញ្ញាសិប្បនិមិត្ត បន្ទះឈីប និងបច្ចេកវិទ្យាកុំព្យូទ័រកង់ទិក”។

កំណើនសេដ្ឋកិច្ចអឺរ៉ុប បានបន្តជួបប្រទះការធ្លាក់ចុះអស់ជាច្រើនឆ្នាំ។ នៅក្នុងឆ្នាំ២០០៨ ផលទុនជាតិសរុប(GDP) របស់សហរដ្ឋអាមេរិក និង​GDP របស់តំបន់ចាយប្រាក់អឺរ៉ូមានទំហំប្រ​ហាក់ប្រហែលគ្នា។ ប៉ុន្តែឥឡូវនេះ សេដ្ឋកិច្ចរបស់អាមេរិកមានទំហំធំជាង តំបន់ចាយប្រាក់អឺរ៉ូប្រហែល៧៥%។ នេះបើយោងតាមទិន្នន័យរបស់ធនាគារពិភពលោក។

ទន្ទឹមនឹងនេះ បណ្តាវិនិយោគិនសកល បានទទួលស្គាល់កាន់តែខ្លាំងឡើងនូវ “ភាពពិសេសខុសប្លែកពីគេ របស់សហរដ្ឋអាមេរិក” នៅក្នុងយុគសម័យសេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។

និន្នាការនេះ មានភាពផ្ទុយស្រឡះពីតំបន់អឺរ៉ុប។ បច្ចុប្បន្ន អឺរ៉ុប ក្លាយជាមជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយ នៅលើពិភពលោក ដោយមានភ្ញៀវទេសចរណ៍ ចូលមកទទស្សនាយ៉ាងច្រើនលើ​សលប់ រហូតបានបង្កឱ្យមានប្រតិកម្ម ក្នុងចំណោមពលរដ្ឋក្នុងស្រុក ព្រោះពួកគេធុញទ្រាន់នឹងជនបរទេស មកសម្រាកលំហែកាយក្បែរទីលំនៅរបស់ពួកគេ ការកកស្ទះផ្លូវ និងការទិញផ្ទះដោយជនបរទេស។

លោកបានកត់សម្គាល់ថា អឺរ៉ុបអាចជម្នះឧបសគ្គទាំងនេះបាន និងមានគុណសម្បត្តិសំខាន់ៗ ដូចជា ធនធានមនុស្សមានទេពកោសល្យចេញ ពីសាកលវិទ្យាល័យក្នុងស្រុក និងរៀបចំបណ្តាញសុវត្ថិភាពសង្គម ដើម្បីផ្តល់សន្តិសុខសេដ្ឋកិច្ច ព្រោះនេះ ជាការចាំបាច់សម្រាប់សហគ្រិន ក្នុងការសម្រេចចិត្តហ៊ានប្រថុយហានិភ័យ ក្នុងមុខជំនួញរបស់ពួកគេ។

បណ្តាញសុវត្ថិភាពសង្គម (SSN) ជាការឧបត្ថម្ភជំនួយ ដើម្បីធ្វើឱ្យប្រសើរឡើង នូវស្ថានភាពគ្រួសារងាយរងគ្រោះ និងបុគ្គ​ល​ជួបប្រទះភាពក្រីក្រ។

ឧទាហរណ៍របស់បណ្តាញ SSNs រួមមានការឧបត្ថម្ភប្រាក់សោធនសង្គម ការផ្ទេរអាហារ ទំនិញ ឬសេវាកម្មដល់ពលរដ្ឋក្រីក្រជាជាងការផ្តល់សាច់ប្រាក់ ការលើកលែងថ្លៃសេវាផ្សេងៗ ការងារសាធារណៈ និងកម្មវិធីផ្តល់អាហារដល់សាលារៀន។

លោក Michael Spence បានព្រមានថា ប្រសិនបើអឺរ៉ុបគ្មានចក្ខុវិស័យសេដ្ឋកិច្ចថ្មីទេនោះ វិស័យឧស្សាហកម្មបែបប្រពៃណីមិនសូវមានគំនិតច្នៃប្រឌិត នឹងបន្តជះផលអវិជ្ជមាន ខណៈធនធានមនុស្ស នឹងធ្វើចំណាកស្រុក ទៅកាន់បណ្តាប្រទេសដទៃទៀត៕ប្រភព:Yahoo Finance៕

LEAVE A REPLY

Please enter your comment!
Please enter your name here