លោកឧកញ៉ា តែ តាំងប៉រ ៖ វិស័យ SME ត្រូវការយកចិត្តទុកដាក់ពីគ្រប់ភាគី ដើម្បីដើរឱ្យទាន់ប្រទេសជិតខាង

ដោយ ៖ លក្ខិណា

ភ្នំពេញ ៖ ដោយសារតែសហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា វិស័យនេះ ត្រូវការមានការចូលរួម និងយកចិត្តទុកដាក់ពីគ្រប់ភាគីទាំងអស់ដើម្បីអភិវឌ្ឍន៍ និងដើរឱ្យទាន់ប្រទេសជិតខាងដែលនាំមុខកម្ពុជា។ នេះបើតាមលើកឡើងរបស់លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក ឧកញ៉ា តែ តាំងប៉រ បានមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម នៅក្រុងតាខ្មៅនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ២០២០ នេះថា វិស័យ SME បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិកម្ពុជា តាមរយៈការផ្តល់ការងារជួនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ។

លោកបានបញ្ជាក់ថា “ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានសន្ទុះ និងការរីកចម្រើនបន្ថែមទៀតនោះ ដំបូងត្រូវការឱ្យសហគ្រាសធុនតូច និងមធ្យមចូលរួមចងក្រងជាបណ្ដុំតែមួយ ដើម្បីងាយស្រួលដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមាន។ ជាជំហានបន្ទាប់គឺត្រូវអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងវិស័យនេះ បន្ថែមក្នុងពេលពិភពលោកបាន និងកំពុងឈានទៅរកបច្ចេកវិទ្យារាល់ដំណើរការផលិតនូវទំនិញនានា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ធ្លាប់បានមានប្រសាសន៍ថា ក្នុងចំណោមសហគ្រាសទាំងអស់ទូទាំងប្រទេសមាន៩៥ភាគរយជាសហគ្រាសខ្នាតតូច និងមធ្យម ហើយពួកគេបានជួយខ្លួនឯងខ្លះ រដ្ឋាភិបាលជួយខ្លះ និងមានដៃគូជួយខ្លះ ។ សហគ្រាសមួយចំនួននៅជាលក្ខណៈគ្រួសារ និងខ្នាតតូចនៅឡើយ ដូច្នេះ បើចង់ប្រកួតប្រជែងជាមួយប្រទេសដទៃដូចជាប្រទេសក្នុងតំបន់ និងពិភពលោកត្រូវកែប្រែនិងធ្វើពិពិធកម្ម ។

លោកទេសរដ្ឋមន្ត្រីបានបញញជាក់ថា “សហគ្រាសខ្នាតតូច និងមធ្យម គឺពិតណាស់ត្រូវការជួយគាំទ្រពីរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏ត្រូវការគៀងគរសហគ្រាសធុនតូច និងមធ្យម ប្រមូលផ្ដុំគ្នាជាមុនសិន ទើបអាចជួយពួកគាត់ជាបន្តបន្ទាប់។ នៅពេលខាងមុខ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមគឺត្រូវការដើរទៅតាមបដិវត្តន៍ឧស្សាហកម្ម និងត្រូវដំណើរការទៅតាមបច្ចេកវិទ្យា ហើយបើនៅតែផលិតតាមបែបបុរាណ នោះវាមិនអាចប្រកួតប្រជែង និងស្របតាមស្តង់ដារលើទីផ្សារអន្តរជាតិបាននោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here