គ្រឹះស្ថានធនាគារនៅកម្ពុជាកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យា
ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ បណ្តាគ្រឹះស្ថានធនាគារនានានៅកម្ពុជា បាននិងកំពុងអភិវឌ្ឍខ្លួនក្នុងផ្នែកបច្ចេកវិទ្យា ខណៈដែលអ្នកដឹកនាំឧស្សាហកម្ម អ្នកបង្កើតគោលនយោបាយ និងដៃគូអន្តរជាតិបានប្រមូលផ្តុំគ្នា នៅក្នុងសន្និសីទធនាគារកម្ពុជាឆ្នាំ២០២៤ ដើម្បីពិភាក្សា អំពីអនាគតនៃហិរញ្ញវត្ថុនៅក្នុងប្រទេស។
សន្និសីទដែលប្រារឰឡើងកាលពីថ្ងៃទី ២២-២៣ ខែសីហា ប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុ៖ ការពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់វិស័យហិរញ្ញវត្ថុ ដែលមានភាពធន់” ដោយផ្តោតជាពិសេសលើតួនាទីឌីជីថល ក្នុងការជំរុញវិស័យនេះឱ្យទៅមុខ។
លោក អែម កំណាន់ អគ្គនាយករងផ្នែកត្រួតពិនិត្យធនាគារនៅធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងពីភាពចាំបាច់នៃការសម្របខ្លួន ទៅនឹងបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោកតាមរយៈការធ្វើនវានុវត្ដ។
លោកថ្លែងថា “នៅពេលដែលសេដ្ឋកិច្ចពិភពលោក បន្តប្រឈមមុខនឹងឧបសគ្គជាច្រើន រួមទាំងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច វិស័យធនាគាររបស់កម្ពុជាត្រូវតែសម្របខ្លួន និងនវានុវត្ដដើម្បីរក្សាភាពរឹងមាំ”។លោកបន្តថា “សន្និសីទនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកពាក់ព័ន្ធដើម្បីធ្វើយុទ្ធសាស្ត្រ និងពង្រឹងវិស័យហិរញ្ញវត្ថុដែលកំពុងវិវត្តន៍”។
ផ្នែកសំខាន់មួយនៃសន្និសីទ បានផ្ដោតលើការពិភាក្សាអំពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីឆ្ពោះទៅរកបច្ចេកវិទ្យាឌីជីថលនៅក្នុងវិស័យធនាគារ។
អ្នកស្រី Winnie Wong អ្នកគ្រប់គ្រងប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវនៅ Mastercard បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិធីសាស្ត្រគិត ឆ្ពោះទៅមុខចំពោះហិរញ្ញវត្ថុឌីជីថល។
អ្នកស្រី Wong បាននិយាយថា នៅក្រុមហ៊ុន Mastercard យើងប្រើប្រាស់យុទ្ធសាស្ដ្រ បោះជំហានទៅមុខមុន ដើម្បីដោះបញ្ហានៃភាពមិនច្បាស់លាស់ និងទទួលយកអ្វីថ្មីៗ។
អ្នកស្រីបានពន្យល់បន្ថែម អំពីសក្តានុពលនៃកាបូបឌីជីថលជំនាន់ក្រោយ ដោយសង្កត់ធ្ងន់ថា វានឹងអាចឱ្យអ្នកប្រើប្រាស់គ្រប់គ្រងសកម្មភាព ហិរញ្ញវត្ថុផ្សេងៗនៅកន្លែងតែមួយ។
អ្នកស្រី ខូវ វីរ៉ាដាមន្រ្តីនាយកដ្ឋានប្រព័ន្ធទូទាត់ នៃធនាគារជាតិនៃកម្ពុជា (NBC) បានធ្វើបទបង្ហាញ អំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីបង្កើនប្រព័ន្ធទូទាត់ ជាពិសេសតាមរយៈការដាក់ឱ្យប្រើប្រាស់លេខកូដ KHQR។
អ្នកស្រីបានបញ្ជាក់ថា ជាមួយនឹងផលិតផល ដូចជា KHQR ជាយន្តការដ៏សាមញ្ញតែមានឥទ្ធិពល។ យើងបានឃើញអត្ថប្រយោជន៍ នៃកាបូបឌីជីថលដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជា ដែលបានពង្រឹងដល់សុវត្ថិភាព ភាពសាមញ្ញនិងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
ជាមួយសារៈសំខាន់កាន់តែខ្លាំងឡើង នៃការទូទាត់ឆ្លងប្រទេស នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលសមស្របទៅតាមដំណោះស្រាយឌីជីថលទាំងនេះ ការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យធនាគារ មិនមែនគ្រាន់តែជាភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ធានាសន្តិសុខ និងនិរន្តរភាពផងដែរ។
ជាមួយគ្នានេះ លោក Anthony Ginolin អគ្គនាយរង និងជាប្រធានផ្នែកGrowth APAC សម្រាប់សេវាកម្មទូទាត់នៅ IDEMIA បានគូសបញ្ជាក់ពីរបៀប ដែលឧស្សាហកម្មទូទាត់កំពុងត្រូវបានផ្លាស់ប្តូរ ដោយបច្ចេកវិទ្យាថ្មី និងការរំពឹងទុករបស់អ្នកប្រើប្រាស់។
លោក Ginolin បាននិយាយថា ឧស្សាហកម្មទូទាត់ប្រាក់ឌីជីថល បានជះឥទ្ធិពលទៅលើតថភាពជាច្រើន ដែលនឹងធ្វើឱ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ចាប់ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា រហូតដល់បទប្បញ្ញត្តិ និងនិន្នាការម៉ាក្រូសេដ្ឋកិច្ច។
លោកបានបន្ថែមថា ធនាគារដែលរួមបញ្ចូលគោលការណ៍ESG ទៅក្នុងប្រតិបត្តិការរបស់ពួកគេ កាន់តែបង្កើនប្រជាប្រិយភាពដើម្បីទាក់ទាញ និងរក្សាអតិថិជន ជាពិសេសក្នុងចំណោមយុវជន ដែលផ្តល់អាទិភាព ដល់ទំនួលខុសត្រូវបរិស្ថាន និងសង្គម៕